កម្ពុជា ដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ អំពីការប្រើសំឡេងរំខានរបស់យោធាថៃ មកលើប្រជាជនកម្ពុជា នៅភូមិជោគជ័យ និងព្រៃចាន់

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស អំពីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃ មកលើប្រជាជនកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់ ហើយក៏បានអញ្ជើញឧត្តមស្នងការនេះឲ្យចុះមកសង្កេតការណ៍ដោយផ្ទាល់ អំពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃ។

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គ.ស.ម.ក. បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និង ប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ បានអះអាងថា កងយោធា ថៃបានចាក់សំឡេងខ្មោចលងតាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗ ចាប់ពីម៉ោង ១០ និង ៤៤ នាទី រសៀល រហូតដល់ម៉ោង ១២ និង ៤ នាទី កណ្តាលអាធ្រាតុ និងបានបន្ត ចាក់សំឡេងរំខានជាសំឡេងយន្តហោះ ពីម៉ោង ៣ និង ២២ នាទី រហូតដល់ម៉ោង ៣ និង ៥៣ នាទី ទាបភ្លឺ ដោយមានគោលបំណងរំខាននិងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ។

សំឡេង ទាំងនេះ ត្រូវបានចាត់ទុកជាសំឡេងខ្លាំងនិងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅ ក្នុងតំបន់នោះ រួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។ សកម្មភាពបែបវិទ្ធង្សនា និង បង្កហេតុទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែមទាំង ជាការគំរាមកំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង។
សកម្មភាពទាំងនេះ មិនគួរមានក្នុងសង្គមដែលមានអរិយធម៌ និងផ្ទុយទាំងស្រុងទៅនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលប្រកាន់ខ្ជាប់សន្តិភាព សិទ្ធិមនុស្ស និងការគោលរពអធិបតេយ្យភាពរគ្នាទៅវិញទៅមកក្នុងចំណោម ប្រជាជាតិទាំងអស់៕



