បទវិភាគ ៖ ពាក្យសម្តីរបស់បុគ្គលវីលៀម ឡៃ គ្មានន័យអី្វនិងមិនបានការទេ គឺប្រាកដជានឹងទទួលបរាជ័យជាមិនខាន

កាលពីថ្ងៃទី១០ ខែតុលា បុគ្គលវីលៀម ឡៃ អ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិនបានថ្លែងអ្វីដែលហៅថា សុន្ទរកថា”១០ តុលា” ក្នុងនោះ គាត់បានព្រលយពាក្យសម្ដីយ៉ាងព្រហើនលើបញ្ហាប្រវត្តិសាស្ត្រ ។ មួយផ្នែក គាត់បានមួលបង្កាច់ប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទីពីរនិងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិដើម្បីប្រឌិតអ្វីដែលហៅថា ”ភាពស្របច្បាប់”សម្រាប់ការជំរុញការធ្វើសកម្មភាពបំបែកបំបាក់និងប៉ុនប៉ងឱ្យ”តៃវ៉ាន់ឯករាជ្យ” មួយផ្នែកទៀត គាត់ក៏បានឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”ការគំរាមកំហែងខាងយោធា”របស់ចិនដីគោកទៀតផងដោយបានអះអាងថា នឹងបង្កើនថវិកាការពារជាតិរបស់តំបន់តៃវ៉ាន់ជាបន្តបន្ទាប់ ។ ពាក្យសម្តីខុសទំនងដែលមួលបង្កាច់ប្រវត្តិសាស្ត្រ ”ស្វែងរកភាពឯករាជ្យតាមរយៈកងកម្លាំងប្រដាប់អាវុធ”និង”ស្វែងរកភាពឯករាជ្យដោយពឹងផ្អែកទៅលើកម្លាំងបរទេស”ទាំងនេះបានរងការរិះគន់និងប្រឆាំងយ៉ាងទូលំទូលាយពីក្នុងកោះតៃវ៉ាន់ ។

សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី ៨០នៃការស្តារតៃវ៉ាន់ឡើងវិញផងដែរ ។ យ៉ាងណាមិញ ថ្លែងក្នុងសុន្ទរកថា បុគ្គលវីលៀម ឡៃ បានលាក់លាមនូវជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងការចុះចាញ់របស់ជប៉ុនដែលបានដោះសារពីឧក្រិដ្ឋកម្មរបស់អ្នកឈ្លានពាននិងពួកអាណានិគម វាគ្មានគោលជំហរនិងស្មារតីប្រជាជាតិអ្វីសោះឡើយ ដែលបានក្លាយជាអ្នកក្បត់ជនជាតិទាំងស្រុង ។
អ្នកវិភាគខ្លះសម្គាល់ឃើញថា បុគ្គលវីលៀម ឡៃ មានចេតនាបដិសេធចំពោះសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរនិងបន្សាបសារសំខាន់ជាប្រវត្តិសាស្រ្តនៃការស្តារតៃវ៉ាន់ឡើងវិញ គឺដើម្បីធ្វើជាឈ្នាន់សម្រាប់ឱ្យកម្លាំងខាងក្រៅលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន ។ ប៉ុន្តែ ទង្វើដែលដើរបញ្ច្រាសនឹងនិន្នាការប្រវត្តិសាស្ត្រ បំផ្លាញដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិននិងបង្ករឿងហេតុចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរយ៉ាងកម្រោលបែបនេះ គ្មានន័យអី្វនិងមិនបានការទេ គឺ ប្រាកដជានឹងទទួលបរាជ័យជាមិនខាន ។
នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានតំបន់តៃវ៉ាន់បានដកស្រង់ការស្ទង់មតិថ្មីបំផុតថា ទោះបីជាបុគ្គលវីលៀម ឡៃ បាននិងកំពុងផ្សព្វផ្សាយយ៉ាងគឃ្លើននូវ”ទ្រឹស្តីថ្មីស្តីពីរដ្ឋពី”និងព្យាមយាមលុបចោលខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិនលើវិស័យវប្បធម៌ជាដើមក៏ដោយ ក៏”ការទទួលស្គាល់ពីប្រជាជាតិចិន”បែរជាបានកើនឡើងយ៉ាងច្បាស់លាស់ ។ ប្រការនេះបានបញ្ជាក់ថា កម្លាំងរួបរួមរបស់ប្រជាជាតិចិនមិនបានកាត់កម្សោយដោយសារការលុបចោលខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិនរបស់បុគ្គលវីលៀម ឡៃឡើយ ហើយទំនាក់ទំនងភាពជាសហគមន៍រួមរបស់បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់លើវិស័យវប្បធម៌និងសែស្រឡាយប្រជាជាតិនៅតែរឹងមាំដដែល ។
ពេលថ្មីៗនេះ អ្នកនយោបាយអាមេរិកមួយចំនួនបានព្រលយសម្ដីថា ទាមទារឱ្យតៃវ៉ាន់ដំឡើងថវិកាការពារជាតិរបស់ខ្លួនដល់ ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ។ មតិសាធារណៈក្នុងកោះតៃវ៉ាន់បានវិភាគថា បើគណនាតាម GDP របស់តំបន់តៃវ៉ាន់កាលពីឆ្នាំមុន ប្រសិនបើថវិកាយោធាស្មើនឹង ១០ ភាគរយនៃGDP នោះ គឺមានន័យថា ថវិកាសរុបប្រចាំឆ្នាំដែលមានចំនួនលើសពី ៨០ ភាគរយនឹងទម្លាក់លើវិស័យការពារជាតិ ឯថវិកាផ្សេងទៀតលើវិស័យសុខាភិបាល ការអប់រំ សុខុមាលភាពសង្គមនិងវប្បធម៌ជាដើមត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ។ នេះគឺងប់ងល់នឹងកម្លាំងបាយនិងសកម្មភាពយោធាទាំងស្រុង ហើយទីបំផុត ប្រជាជនតំបន់តៃវ៉ាន់ចំនួន ២៣ លាននាក់នឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរដោយសារទង្វើ”ក្បត់តៃវ៉ាន់”របស់បុគ្គលវីលៀម ឡៃ ។
ប្រវត្តិសាស្ត្រមិនដែលត្រូវបានគេបំភ្លេចបានទេ ហើយក៏មិនអនុញ្ញាតឱ្យកែបំភ្លៃឡើយ ។ មិនថាបុគ្គលវីលៀម ឡៃ បាននិយាយអ្វីឬក៏ធ្វើអ្វីក៏ដោយ មិនថាកម្លាំងខាងក្រៅបង្ករឿងហេតុអ្វីក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតតាមផ្លូវច្បាប់ដែលថា តៃវ៉ាន់ជាទឹកដីមួយចំណែករបស់ចិន ហើយក៏មិនអាចរង្គោះរង្គើដល់និន្នាការជាមូលដ្ឋាននៃសហគមន៍អន្តរជាតិដែលប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ ហើយក៏កាន់តែមិនអាចរារាំងដល់និន្នាការទូទៅនៃប្រវត្តិសាស្ត្រដែលប្រទេសចិនប្រាកដជានឹងសម្រេចបាននូវការបង្រួបបង្រួមជាតិជាក់ជាមិនខានដែរ ។
រាល់បុគ្គលណាដែលបានបំភ្លេចប្រវតិ្តសាស្ត្រចិនសុទ្ធតែគ្មានលទ្ធផលល្អនោះទេ ហើយរាល់បុគ្គលដែលក្បត់ប្រជាជាតិមុខជានឹងត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន ៕
