ព័ត៌មានជាតិ

AHF ប្រារព្ធទិវាក្មេងស្រីអន្តរជាតិ និងអំពាវនាវឱ្យលើកកម្ពស់ក្មេងស្រី ដើម្បីការពារក្មេងស្រីពីមេរោគអេដស៍

ភ្នំពេញ ៖ ក្នុងទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍លើកកម្ពស់ក្មេងស្រី និងការយល់ដឹង នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីជួយការពារក្មេងស្រីពីមេរោគអេដស៍ កោតសរសើរសមិទ្ធិផល និងផ្តល់ឱកាសដែលជាតម្រូវការរបស់ពួកគេ ឱ្យមានការអភិវឌ្ឍន៍ និងមានសុខភាពល្អ។

នៅទូទាំងពិភពលោក មានភាពមិនស្មើគ្នា ចំពោះក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងប្រឈមមុខនឹងបញ្ហាមេរោគអេដស៍។ AHF អំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងកម្មវិធីបង្ការ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍/ជំងឺកាមរោគ និងគោលនយោបាយគាំទ្រដែលពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព រួមទាំងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដោយផ្តោតលើការខ្វះខាតនៅពេលមករដូវ ការលើកកម្ពស់ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ និងដោះស្រាយឳ្យមានភាពស្មើគ្នាក្នុងការទទួលបានការអប់រំសុខភាព ដូចជាអំពើហិង្សាផ្អែកលើយេនឌ័រ និងអាពាហ៍ពិពាហ៍កុមារ។

ភ្ញៀវកិត្តិយសអញ្ជើញចូលរួម៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោកវេជ្ជ ចន ផាន់ណា ប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាតំណាងអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធដទៃទៀត សរុបប្រមាណ ២៣០នាក់។

លោកវេជ្ជ ចន ផាន់ណា ប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា មានប្រសាសន៍ថា «ការផ្តល់អំណាចដល់ក្មេងស្រី គឺការផ្តល់នូវអ្វីៗដែលសម្រាប់ដំណើរឆ្ពាះទៅមុខ រួមទាំងការចូលសាលារៀន និងរក្សាសុខភាព អនាគតរបស់ពួកគាត់»។

ទិវាក្មេងស្រីអន្តរជាតិ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែតុលា គឺជាពេលវេលាដើម្បីអបអរសមិទ្ធិផលរបស់ក្មេងស្រី ពង្រីកសំឡេងរបស់ពួកគេ និងស្វែងរកការគាំទ្រសម្រាប់គោលនយោបាយដែលការពារសុខភាព និងអនាគតរបស់ពួកគេ។

សូមបញ្ជាក់ថា ទោះបីជាមានការរីកចម្រើនក៏ដោយ ក៏នៅតែគួរឱ្យព្រួយបារម្ភ ដោយសាររៀងរាល់សប្តាហ៍ ស្ត្រីវ័យក្មេងចំនួន ៤០០០នាក់ ដែលមានអាយុពី ១៥ ដល់២៤ ឆ្នាំបានឆ្លងមេរោគអេដស៍ថ្មី ជាង ៣៣០០ ករណីនៅអនុតំបន់សាហារ៉ាអាហ្វ្រិក។ ក្នុងឆ្នាំ ២០២៣ កុមារី និងស្ត្រីវ័យជំទង់ ១ លាន ៩សែននាក់កំពុងរស់នៅជាមួយមេរោគអេដស៍ បើធៀបនឹងក្មេងប្រុស និងបុរសវ័យក្មេង ១លាន២សែននាក់ដែលមានអាយុដូចគ្នា។ ឧបសគ្គនៃការអប់រំក៏មានសភាពធ្ងន់ធ្ងរផងដែរ ដោយក្មេងស្រី ១៣៣ លាននាក់នៅទូទាំងពិភពលោកបានបោះបង់សាលារៀន ដោយធ្វើឱ្យពួកគាត់មិនអាចរស់នៅដោយខ្លួនឯងបាន និងជីវិតដែលមានសុខភាពល្អនាពេលអនាគត៕

To Top