ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់ ដោយមិនទុកឱ្យរស់នៅក្នុងភាពឯកកោឡើយ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា មនុស្សវ័យចាស់ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងណាស់ មិនទុកឱ្យរស់នៅក្នុងភាពឯកកោឡើយ ​ក្នុងករណីមានការខ្វះខាតអ្វីមួយ មនុស្សវ័យចាស់ទាំងអស់ អាចទាក់ទងមកសង្កាត់ ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ដមភ្លាម ពោលមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយឡើយ។

ក្នុងពិធីសំណេះ សំណាលមនុស្សវ័យចាស់ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញលោក ឃួង ស្រេង លើកឡើងថា សម្តេចទាំងទ្វេ បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់ ពោលគឺមិនទុកឱ្យមនុស្សវ័យចាស់ រស់នៅក្នុងភាពឯកកោឡើយ ហើយក៏មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយដែរ។ បើគណបក្សប្រជាជនកម្ពុជានៅកាន់អំណាច គោលនយោបាយនេះនៅតែអនុវត្តជារៀងរហូត។

ក្នុងនោះ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះមនុស្សចាស់ ជាមួយនិងការគៀងគរសប្បុរសជនរកចំណូល ជួយដល់មនុស្សចាស់ មើលការខុសត្រូវមនុស្សចាស់ មានបញ្ហាអ្វីមួយត្រូវជួយភ្លាម ។

ជាមួយគ្នានេះដែរ លោក ឃួង ស្រេង ក៏បានឱ្យមនុស្សវ័យចាស់ និងប្រជាពលរដ្ឋទាំងអស់ ជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន។

លោក ឃួង ស្រេង គូសបញ្ជាក់ថា ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខមនុស្សវ័យចាស់ ក្នុងរាជធានីភ្នំពេញនេះធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិ និងអបអរសាទរ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៥ក្រោមប្រធានបទ «មនុស្សចាស់ដោយសេចក្តីថ្លៃថ្នូរ »។ អំណោយដែលផ្តល់ជូននាឱកាសនេះ សម្រាប់មនុស្សចាស់ទាំង៥២៥នាក់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top