អភិបាលរងខេត្តពោធិ៍សាត់ អញ្ជើញចូលរួមប្រគល់ទទួលគ្លីនិកចល័តជូនមណ្ឌលសុខភាពប្រម៉ោយ ស្រុកវាលវែង

ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ តំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលគ្លីនិកចល័ត រួមមានកុងតឺន័រគ្លីនិក កុងតឺន័រការិយាល័យ កុងតឺន័របន្ទប់ទឹក និងសម្ភារបរិក្ខាពេទ្យមួយចំនួន ជូនមណ្ឌលសុខភាពប្រម៉ោយ ដែលជាអំណោយរបស់ក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាពឯកឧត្ដម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។

ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី១៣ ខែតុលា ឆ្នំា២០២៥ នៅមណ្ឌលសុខភាពប្រម៉ោយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល អគ្គនាយកនិងមន្រ្តីនៃអគ្គនាយកដ្ឋានប្រេងកាត មន្រ្តីរាជការនៃសាលាខេត្តពោធិ៍សាត់ ស្រុកវាលវែង ឃុំប្រម៉ោយ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវាលវែង ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃមណ្ឌលសុខភាពប្រម៉ោយ។

ក្នុងឱកាសនោះ លោក សុខ ខាវ៉ាន់ បានជម្រាបជូនថា “ការរៀបចំនេះ គឺក្នុងគោលដៅជួយសម្រួលសេចក្តីត្រូវការក្នុងការផ្តល់សេវាសុខាភិបាលនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីជាអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកវាលវែង ដែលមានភូមិសាស្រ្តគៀកនឹងព្រំដែនកម្ពុជា-ថៃ ជាតំបន់ដាច់ស្រយាល ហើយក៏ជាកន្លែងមួយដែលអាចរៀបចំទទួលជនភៀសឹកផងដែរ។ នេះជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងការផ្សារភ្ជាប់ចំណងសាមគ្គីភាពរវាងក្រសួងរ៉ែនិងថាមពល និងថ្នាក់មូលដ្ឋានលើការចូលរួមពង្រឹងសេវាសុខាភិបាលសាធារណៈ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះ។


ជាមួយគ្នានេះដែរ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថាការចូលរួមឧបត្ថម្ភគាំទ្ររបស់ក្រសួងរ៉ែនិងថាមពលនាពេលនេះ គឺស្របពេលដែលភាពតានតឹងនៅតាមព្រំដែន និងការកើនឡើងនៃប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅតាមព្រំដែន ក៍ដូចជាការជួយអភិវឌ្ឍន៍លើកកម្ពស់សេវាសុខាភិបាលសាធារណៈនៅមូលដ្ឋាន។ លោកអភិបាលរងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃក្រសួងរ៉ែនិងថាមពល ដែលបានឧបត្ថម្ភគ្លីនិកចល័តជូនដល់មណ្ឌលសុខភាពប្រម៉ោយ ដើម្បីបម្រើជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ប្រភព&រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ៖ ហ៊ុន ធឿន(ដើមអម្ពិល)





