ព័ត៌មានជាតិ

សម្តេចតេជោ ៖ ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយ នូវតួនាទីរបស់ជប៉ុន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា រួមទាំងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។

នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោក TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មី ហើយឯកឧត្តមបានលើកឡើងថា ១០ឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះ ហាក់បីដូចជាលឿនណាស់។

លោកTANAKA Akihiko ក៏បានមើលឃើញពីការប្រែប្រួល របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយលោក បានសរសើរអំពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។

លោកបានបញ្ជាក់អំពីតួនាទី របស់កម្ពុជាក្នុងការចូលរួមចំណែក ជាពិសេសការសហការជាមួយស៊ីម៉ាក់ ក្នុងសកម្មភាពដោះមីន នៅក្រៅប្រទេស រួមទាំងតួនាទីរបស់ JICA ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាការសាងសង់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង, ការជួយកំពង់ផែស្វយ័តព្រះសីហនុ រួមទាំងផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ជាដើម។ល។

សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោក ​TANAKA Akihiko មកកាន់កម្ពុជាសារជាថ្មីនេះ នឹងបានឃើញពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសតាមរយៈការជួយជ្រោមជ្រែងរបស់ជប៉ុន ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ចំពោះការចាប់អារម្មណ៍របស់លោក TANAKA Akihiko នូវតួនាទីរបស់សម្ដេចកាលនៅជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោក៏បានមានប្រសាសន៍ អំពីតួនាទីរបស់ JICA ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា និយាយជារួមតួនាទីរបស់ជប៉ុន ក្នុងការជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។

សម្ដេចតេជោបានចែករំលែកនូវទស្សនៈទានមួយចំនួនដែលជាចក្ខុវិស័យ និងរំលឹកអំពីស្ថានភាពប្រវត្តិសាស្ត្រ និងការតស៊ូរបស់សម្ដេចក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ រួមទាំងការនាំកម្ពុជាមករកសន្តិភាពនៅចុងឆ្នាំ១៩៩៨ និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានជម្រាបជូនប្រធានJICA ពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដែលជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលប្រទេសទាំងពីរគួរតែជំរុញបន្ថែមទៀត ក្នុងតួនាទីរបស់JICA ក្នុងការរួមចំណែកពង្រីកទំនាក់ទំនង នឹងទៅលើវិស័យសំខាន់ៗជាច្រើនទៀត រវាងកម្ពុជា និងជប៉ុន។

លោក TANAKA Akihiko បានសម្ដែងនូវក្តីរីករាយ និងអរគុណចំពោះសម្ដេចតេជោ ដែលបានមានប្រសាសន៍អំពីប្រវត្តិនៃការតស៊ូ នាំប្រទេសកម្ពុជាមករកសុខសន្តិភាព និងការរីកចម្រើន។ លោកក៏បានរំលេចអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ដែល JICA នឹងធ្វើបន្ថែមទៀត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន លោកសង្ឃឹមថា ភាគីទាំងពីរ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលខាងមុខ ហើយស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ៕

To Top