ព័ត៌មានជាតិ

ដំណឹងល្អសម្រាប់ អ្នកស្រឡាញ់វិស័យកីឡា! កីឡដ្ឋានខេត្តត្បូងឃ្មុំ ចាប់ផ្តើមលេចរូបរាងជាបន្តបន្ទាប់ហើយ

ក្តីស្រមៃរបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់វិស័យកីឡាក្នុងខេត្តត្បូងឃ្មុំ កំពុងក្លាយជាការពិតបន្តិចម្តងៗហើយ បន្ទាប់ពីគម្រោងសាងសង់កីឡដ្ឋានខេត្តត្បូងឃ្មុំនេះ បានចាប់ផ្តើមលេចរូបរាងជាផ្លូវការបណ្តើរៗ ហើយ ជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងជួយលើកស្ទួយមុខមាត់ខេត្ត និងជំរុញការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើនទៅមុខ។

បើយោងតាមការបញ្ជាក់ពីលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក អុីវ សារី ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ កីឡដ្ឋានថ្មីនេះត្រូវបានសាងសង់លើផ្ទៃដីសរុបប្រហែល ៩,៨ ហិកតា។ គម្រោងសាងសង់នេះគឺ បានការផ្តួចផ្តើម និងគាំទ្រដោយ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដើម្បីលើកស្ទួយវិស័យកីឡា និងរៀបចំកម្មវិធីប្រកួតកីឡាធំៗជាច្រើនទៀត ហើយចំពោះទីលានបាល់ទាត់ ក៏ត្រូវបានរចនាឡើងតាមស្តង់ដារអន្តរជាតិ ដោយមានទំហំទទឹង ៦៨ ម៉ែត្រ និងបណ្តោយ ១០៥ ម៉ែត្រ (តាមស្តង់ដារអន្តរជាតិ FIFA )។

ជាមួយគ្នានេះលោកបានបន្ថែមថា នៅក្នុងកីឡដ្ឋានថ្នាក់ខេត្តនេះ នឹងមានប្រភេទកីឡាដូចជា៖ ទីលានបាល់ទាត់ (Football), ទីលានបាល់ទះ (Volleyball), ទីលានបាល់បោះ (Basketball), ទីលានប៉េតង់ប៉ូល(Petanque), ទីលានសីដក់ (Sepak Takraw), ទីលានអត្តពលកម្ម (Athletics), ទីលានវាយសី (Badminton), និងប្រភេទកីឡាផ្សេងៗជាច្រើនទៀតផងដែរ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ជាង ៣០.០០០ នាក់ ដែលនឹងធ្វើឱ្យខេត្តត្បូងឃ្មុំ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាធំៗកម្រិតជាតិ និងអន្តរជាតិនៅពេលអនាគត។

អត្ថបទដោយ៖ ជឿន សុធន /ត្បូងឃ្មុំ/ដើមអម្ពិល/

To Top