ព័ត៌មានជាតិ

៩ខែ ឆ្នាំ២០២៥ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹងបាន៦០០ និងអនុវត្តទណ្ឌកម្មមន្ត្រីមួយចំនួនទៀត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមបណ្តឹងទាំង៦០០ ដែលបានដោះស្រាយនោះ រួមមាន ផ្នែករដ្ឋបាល មាន២៨៧បណ្ដឹង និងផ្នែកនគរបាល មាន៣១៣បណ្ដឹង។ លទ្ធផលនេះ ស្មើនឹង៧៧ភាគរយ នៃបណ្តឹង សរុបចំនួន ៧៧៥បណ្ដឹង។

បើតាម លោកអគ្គាធិការ លទ្ធផលនេះ បើធៀបរយៈពេល៩ខែដូចគ្នា កាលពីឆ្នាំ២០២៤ គឺអគ្គាធិការដ្ឋាន សម្រេចការដោះស្រាយបណ្ដឹងបានចំនួន ៧៤ភាគរយ កើនឡើង៣ភាគរយ ខណៈពាក្យបណ្តឹងសល់ចំនួន១៧៥បណ្តឹងទៀត កំពុងស្ថិតក្នុងដំណើរការតាមនីតិវិធីដោះស្រាយ ក្នុងនោះផ្នែករដ្ឋបាលមាន២៨បណ្ដឹង និងផ្នែកនគរបាលមាន១៤៧បណ្ដឹង។

គួរដឹងថា អគ្គាធិការដ្ឋាន មានភារកិច្ច ធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ។ ក្នុងចំណោមតួនាទីភារកិច្ចជាច្រើនទៀត អគ្គាធិការដ្ឋាន ក៏មានភារកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកសំណើជូនរដ្ឋមន្ត្រី ពិនិត្យ សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីមានកំហុសធ្ងន់ធ្ងរ អង្កេតស្រាវជ្រាវពីកំហុសរបស់មន្ត្រីរាជការ ស្ថិតក្នុងក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃផងដែរ។

ជាលទ្ធផលនៃការទទួល អង្កេត និងដោះស្រាយពាក្យបណ្ដឹងទាំងនោះ លោក ឧត្តមសេនីយ៍ឯក ឯម វិចិត្រ បានបញ្ជាក់ឱ្យដឹងថា អគ្គាធិការដ្ឋាន បានពិនិត្យឃើញភាពខ្វះចន្លោះ នៃការបំពេញភារកិច្ចរបស់មន្រ្តីរាជការមួយចំនួន និងបានលើកយោបល់គោរពជូនថ្នាក់ដឹកនាំក្រសួង ដើម្បីអនុវត្តទណ្ឌកម្មចំពោះមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃមួយចំនួន។ ទណ្ឌកម្មទាំងនោះរួមមាន បណ្ដេញចេញពីក្របខ័ណ្ឌ ដកហូតមុខតំណែង បន្ថយឋានន្តរសក្តិ ស្តីបន្ទោស សម្រួលភារកិច្ច អប់រំព្រមានជាលាយលក្ខណ៍អក្សរ និងណែនាំ ជាដើម៕

To Top