ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ផ្តល់អាហារូបករណ៍ ២០២៥កន្លែង លើ ៣២មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

កំពង់ស្ពឺ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ២ ០២៥កន្លែង លើ ៣២មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង៣២ នោះ រួមមាន ការផ្សារធ្នូ (ធូប), ការថែទាំ និងជួសជុលឧបករណ៍ស្វ័យប្រវត្តិកម្ម, ការដំឡើង និងការថែទាំម៉ាស៊ីនត្រជាក់ក្នុងឧស្សាហកម្ម, សេវាកម្មបរិក្ខារត្រជាក់ពាណិជ្ជកម្ម, ការបញ្ជាម៉ាស៊ីនបោះពុម្ព, ការបញ្ជាខ្សែសង្វាក់ផលិតកម្ម, ការដំឡើង និងថែទាំរ៉ូបូតឧស្សហកម្ម, ការបញ្ជាម៉ាស៊ីនក្រឡឹង, ការបញ្ជាម៉ាស៊ីនកាហ្វេស្វ័យប្រវត្តិកម្ម, ការងារកំបោរ, ការដំឡើងសរសៃដែក, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារបេតុង, ការងារការ៉ូ, ការបោះពុម្ពដោយម៉ាស៊ីន និងដោយដៃ, ការលក់តាមប្រព័ន្ធឌីជីថល, សេវាកម្មរដ្ឋបាល, សេវាកម្មលក់, សេវាកម្មអតិថិជន, សេវាកម្មធនធានមនុស្ស, គណនេយ្យសម្រាប់សេវាកម្ម, ការដំឡើងខ្សែកាបទូរគមនាគមន៍ (ឌីធីវី អ៊ីនធឺណិត ខ្សែទូរសព្ទ), សេវាកម្មកុំព្យូទ័រ, ការកែច្នៃបន្លែ និងផ្លែឈើ, ការកែច្នៃសាច់, ការចិញ្ចឹមសត្វ, បសុសត្វ, ការចម្អិនម្ហូប, សេវាកម្មភេសជ្ជៈ និងម្ហូបអាហារ, និងការផលិតនំ។

ការសិក្សាវគ្គថ្មីនឹងចាប់ផ្តើមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៩៩៥ ៩៥២/ ០៨១ ៩៩៥ ៩៥២ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

To Top