មានសហជីពជិត ៧ពាន់ បានចុះបញ្ជិការនៅក្នុងប្រទេសកម្ពុជា នេះសបញ្ជាក់ពីការលើកកម្ពស់សិទ្ធិសេរីភាព និងផលប្រយោជន៍កម្មករ

គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះ នៅក្នុងប្រទេសកម្ពុជា មានសហជីពដែលបានចុះបញ្ជិការបានកើនឡើងជិតដល់ ៧ពាន់ ដោយក្រសួងការងារបានគូសបញ្ជាក់ថា នេះជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី ១៤ ខែតុលានេះថា គិតត្រឹមសីហា ឆ្នាំ ២០២៥ សហជីពដែលបានចុះបញ្ជីការមានចំនួន ៦ ៧៣៥ ដោយក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៦ ៤១១, សហព័ន្ធសហជីពមានចំនួន ២៨២ និងសហភាពសហជីពមានចំនួន ៤២។ នៅក្នុងនោះ ក៏មានសមាគមនិយោជកចំនួន ១៣ ដែរ។
លោកបន្តថា គ្រាន់តែក្នុងរយៈពេល ២ខែ គឺនៅខែកក្កដា និងខែសីហា ឆ្នាំ ២០២៥នេះ ការចុះបញ្ជិការសហជីពថ្មីមានរហូតដល់ ៦៨ ដោយក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៦៧ និងសហព័ន្ធសហជីពចំនួន ១។
លោក ស៊ុន មេសា លើកឡើងថា «ការចុះបញ្ជិការសហជីព គឺត្រូវបានធ្វើឡើងដោយស្របទៅតាមគោលការណ៍ច្បាប់ ដែលមានជាធរមាននៅកម្ពុជា។ នេះសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មានបំណងច្បាស់លាស់ក្នុងការលើកស្ទួយសិទ្ធិ និងសេរីភាពរបស់កម្មករ និងនិយោជកទាំងអស់»។
ជាមួយគ្នានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍ថា ការចុះបញ្ជិការសហជីពមូលដ្ឋាន មិនមានការលំបាក ឬក៏ភាពស្មុគស្មាញអ្វីនោះទេ ហើយមកដល់ពេលនេះការចុះបញ្ជិការសហជីពមូលដ្ឋានមានរហូតដល់ជាង ៦ពាន់, សហព័ន្ធសហជីពមានជាង ២០០ និងសហភាពសហជីពមានជាង ៤០។
លោក សំ សឿន បានបន្ថែមថា តាមរយៈតួលេខដ៏ច្រើននេះ បានបង្ហាញអំពីលំហ និងសេរីភាពនៃការចងក្រងសហជីពនៅកម្ពុជា ដែលមានភាពល្អប្រសើរ បើប្រៀបធៀបជាមួយបណ្ដាប្រទេសផ្សេងៗ នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។
ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានលើកឡើងថា ការចុះបញ្ជិការសហជីពជារួម មិនមានការលំបាកនោះទេ ព្រោះបច្ចុប្បន្នសហជីពមានរហូតដល់រាប់ពាន់ឯណោះ។ លោក អ៊ុន ដារ៉ា បានកត់សម្គាល់ថា ការចុះបញ្ជិការសហជីព គឺត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់ និងដំណើរការនីតិវិធី ដែលមានជាធរមាន។
ការកើនឡើងនៃចំនួនសហជីពនេះ ត្រូវបានគេចាត់ទុកថា ជាសញ្ញាបង្ហាញពីការរីកចំរើននៃវិស័យពលកម្ម និងការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសិទ្ធិសេរីភាព សុវត្ថិភាព និងផលប្រយោជន៍កម្មករទូទាំងប្រទេស៕
