ព័ត៌មានជាតិ

កម្មពិធីរ៉ូដសូស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក” ចាប់ផ្តើមជាផ្លូវការ

ភ្នំពេញ៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមវិនិយោគចិននៅកម្ពុជា និងទីប្រឹក្សាសេដ្ឋកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា និងលោក Teng, Cheng-Yueh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរឹធីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញអធិបតីក្នុងពិធីប្រកាសបើក “កម្មពិធីរ៉ូដសូ ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក” នៅផ្សារមូលបត្រកម្ពុជា (ផមក)។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីរ៉ូដសូស្តីពី “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក”។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរជូនដល់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ចំពោះការបោះជំហានមួយយ៉ាងធំ ជាមួយការប្តេជ្ញាចិត្តយ៉ាងមោះមុត ព្រោះការត្រៀមខ្លួនក្នុងការចុះបញ្ជីមិនមែនជារឿងងាយស្រួលនោះឡើយ។ ក្រុមហ៊ុនតម្រូវឲ្យមានតម្លាភាពនៃរបាយការណ៍ហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្មល្អ និងទំនួលខុសត្រូវខ្ពស់ជូនសាធារណជន។ ដូច្នេះ ក្រុមហ៊ុនបានឈានមកដល់ដំណាក់កាលនេះ សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនបានបំពេញគ្រប់លក្ខខណ្ឌពេញលេញជាមួយនឹង និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា។

លោកអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន ពីកាសូ គ្រោងនឹងកៀរគរទឹកប្រាក់សរុបចំនួន ១២ លានដុល្លារអាមេរិក ជាមួយចំនួនភាគហ៊ុនបោះផ្សាយសរុប ១០លានភាគហ៊ុន និងថ្លៃបោះផ្សាយ ៤.៨០០រៀលក្នុងមួយភាគហ៊ុន។ ជាមួយនឹងភាពទាក់ទាញ ក្រុមហ៊ុនបានផ្តល់ភាគលាភធានាអប្បបរមាចំនួន ៧ភាគរយសម្រាប់រយៈពេល ៥ឆ្នាំ បន្ទាប់ពីចុះបញ្ជី។ គម្រោងខុនដូនេះមិនត្រឹមតែជារចនាសម្ព័ន្ធបេតុង និងកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែវាជាគេហដ្ឋាន ជាសហគមន៍ និងជាកន្លែងរស់នៅដែលផ្សារភ្ជាប់នូវទំនាក់ទំនង និងការរីកចម្រើន។ ទាំងនេះវាបង្ហាញនូវទំនើបកម្មនៃសង្គម ដែលស្ថិតនៅលើគន្លងនៃការវិវត្ត ប្រកបដោយនិរន្តរភាព និងចីរភាព។ ទោះបីជាវិស័យអចលទ្រព្យនៅកម្ពុជាមានសភាពហាក់នៅនឹងថ្កល់ តែក្រុមហ៊ុន ពីកាសូ បានបោះជំហានទៅមុខឥតឈប់ឈរ និងទទួលបានការគាំទ្រពីអតិថិជន ដែលភាគច្រើនជាអភិជន ការទូត និងអ្នកដែលស្វែងរកលំនៅដ្ឋានប្រកបដោយប្រណិតភាព។

លោក ហុង សុហួរ បានបន្ថែមថា ផ្សារមូលបត្រកម្ពុជាមានមោទនភាពបានប្រែក្លាយជាច្រកហិរញ្ញប្បទានថ្មីមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនក្តី សហគ្រាសសាធារណៈក្តីដែលមានសក្ដានុពលអាចកៀរគរទុន សម្រាប់ពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន និងអាចបង្កើននូវអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងតំបន់បាន។ ជាមួយគ្នានេះផងដែរ ផ្សារមូលបត្រកម្ពុជាបានផ្តល់នូវផលិតផលហិរញ្ញវត្ថុសម្រាប់ការវិនិយោគរយៈពេលខ្លី និងវែងជូនវិនិយោគិនទាំងរូប វ័ន្តបុគ្គល និងនីតិបុគ្គលផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូននូវទិន្នន័យទីផ្សារដោយសង្ខេបថា គិតមកត្រឹមបច្ចុប្បន្ន យើងមានក្រុមហ៊ុនចុះបញ្ជី ២៥ក្រុមហ៊ុន ដែលបានចុះបញ្ជីលក់ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ក្រុមហ៊ុនទាំងអស់បានកៀរគរទុនប្រមាណ ៦៤៨ លានដុល្លារអាមេរិក។ បើសិនយើងបូកបញ្ចូល ក្រុមហ៊ុន ពីកាសូ យើងនឹងទទួលបានប្រមាណ ៦៦០ លានដុល្លារអាមេរិក។ យើងក៏រំពឹងផងដែរថា ត្រឹមចុងឆ្នាំនេះយើងនឹងទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលមួយបន្ថែមទៀតជាមួយទឹកប្រាក់ប្រមាណ ៤០លានដុល្លារអាមេរិក។ ដូច្នេះ គិតត្រឹមចុងឆ្នាំ២០២៥នេះ យើងរំពឹងថាទឹកប្រាក់ដែលក្រុមហ៊ុនកៀរគរសរុបនឹងកើនឡើងដល់ ៧០០លានដុល្លារអាមេរិក៕

To Top