ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងសៀមរាប

សៀមរាប: នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ប្រាក់សោភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប ដើម្បីសំដៅការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតទាប ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្ត។

លោកប្រាក់សោភ័ណ្ឌ បានផ្ដល់អនុសាសន៍បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលបណ្ដាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។

ជាចុងក្រោយលោកបានណែនាំ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចុះពិនិត្យសិក្សា និងរៀបចំនៅចំណុចផ្លូវសំខាន់ៗដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុង និងតាមបណ្ដាលស្រុក ដើម្បីរៀបចំដាក់សញ្ញាចរាចរណ៍ គំនូសពញ្ញាក់អារម្មណ៍ និងគំនូសចរាចរណ៍បន្ថែម សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កុំឱ្យមានការកើតឡើងបន្តទៀត។

ដោយ: អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
រូប:រដ្ឋបាលខេត្តសៀមរាប

To Top