ព័ត៌មានជាតិ

ជប៉ុន ប្រគល់អគារហ្វឹកហ្វឺន ដើម្បីគាំទ្រ CMAC ក្នុងការបណ្តុះបណ្តាលជំនាញវិស័យសកម្មភាពកម្ចាត់មីន

កំពង់ឆ្នាំង ៖ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីផ្ទេរ-ប្រគល់ អគារហ្វឹកហ្វឺន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC ក្នុងការបណ្តុះបណ្តាលជំនាញក្នុងវិស័យសកម្មភាពកម្ចាត់មីន។

ពិធីនេះមានការអញ្ជើញចូលរូមក្រោមអធិបតីភាព លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក Takuji Urano ប្រធានគម្រោងក្រុមហ៊ុន SATO KOGYO Co., LTD លោក Yasutaka Shimojima ប្រធានត្រួតពិនិត្យគម្រោងសាងសង់ Oriental Consultants Global Co., LTDនៅទី១៥ ខែតុលា ឆ្នាំ២០២៥។

សំណង់អគារសរុបទាំងអស់មានចំនួន៧ ក្នុងនោះរួមមាន៖ ១. អគារថ្នាក់រៀន ១ខ្នង ២ជាន់ចំនួន១០បន្ទប់ ២. អគារអន្តេវាសិកដ្ឋានចំនួន ២ខ្នង មានចំនួន ៣០បន្ទប់ (អាចដាក់ចំណុះសិក្ខាកាមចំនួនជាង២០០នាក់) ៣. អគារសាលប្រជុំចំនួន១ខ្នង (មានចំណុះចំនួនជាង៤០០នាក់) ៤. អគារអាហារដ្ឋានចំនួន១ខ្នង (មានចំណុះជាង២០០នាក់) ៥. អគារបន្ទប់អនាម័យចំនួន១ខ្នង និង៦. អគារអគ្គិសនីចំនួន១ខ្នង ដែលបានបញ្ចប់ការងារសាងសង់សំណង់គោល ហើយត្រូវធ្វើការផ្ទេរ-ប្រគល់មកឱ្យអង្គភាពCMAC គ្រប់គ្រង ដោយឡែកចំពោះការបំពាក់គ្រឿងសង្ហារឹម ប្រពន្ធ័កុំព្យួទ័រ និងប្រពន្ធ័សម្ភារឧបទេស និងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ។

សូមជម្រាបថា រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចផ្តល់ ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលផ្ដល់ជូនអង្គភាពCMAC សម្រាប់សាងសង់អគារហ្វឹកហ្វឺនទាំងនេះដែលអនុវត្តការងារសាងសងដោយក្រុមវិស្វករនៃក្រុមហ៊ុន Sato Kogyo ប្រទេសជប៉ុន។ គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ ការសាងសង់សំណង់អគារនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានដំណើរការទៅដោយរលូនស្របតាមផែនការដែលបានកំណត់។

ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ និងសម្តេចធិបតី បានជួយជំរុញ និងគាំទ្រគម្រោងសាងសង់សំណង់អគារទាំងនេះ ព្រមទាំងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានតម្លៃសម្រាប់ការសាងសង់អគារទាំងអស់ដូចខាងលើ។

ជំនួយនេះផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រការបង្កើនសមត្ថភាពអង្គភាពCMAC ក្នុងការផ្ដល់ការហ្វឹកហ្វឺនទាំងបច្ចេកទេសជំនាញ និងការផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យសកម្មភាពកំចាត់មីនទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្ដរជាតិ ជាពិសេសផ្តល់ជូនបណ្ដាប្រទេសដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម៕

To Top