ព័ត៌មានជាតិ

សម្តេចធិបតី៖ អាស៊ាន ត្រូវតែអនុវត្តអាត់ម៊ែរ (AADMER) ប្រកបដោយភាពបត់បែន និងនវានុវត្តន៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រង ឆ្លើយតបទៅនឹងគ្រាអាសន្នគ្រោះមហន្តរាយ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ាន ត្រូវតែអនុវត្តអាត់ម៊ែរ (AADMER/សន្និសីទចំពោះភាគីអាត់ម៊ែរ) ប្រកបដោយភាពបត់បែន និងនវានុវត្តន៍។

ក្នុងឱកាសអញ្ជើញជាអធិបតីភាដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បា​នគូសបញ្ជាក់ថា​ ជាមួយនឹងការកើនឡើង​ នូវនគរូបនីយកម្ម និងការផ្លាស់ប្តូរវិទ្យាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ក្នុងតំបន់ទីប្រជុំជន់ មិនអាចទ្រទ្រង់នូវការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនប្រជាជនដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ និងមិនអាចទ្រាំទ្ររ នូវការកើនឡើងកាន់តែញឹកញ៉ាប់ និងទំហំកាន់តែធំ នូវគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់នេះបានទេ តួរយ៉ាងនៅពេលដែលមានការជម្លៀសមនុស្សយ៉ាងច្រើន នៅតាមបំបន់ជនបទ ​ពិបាកក្នុងការ ស្វែងរកកន្លែងប្រមូលផ្តុំមានសុវត្ថិភាព ជាពិសេសកន្លែងមានដំបូល ដែលមានបណ្តាញទឹកស្អាត និងអនាម័យ ។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ សកម្មភាពរួមរបស់យើង មិនត្រឹមតែត្រូវផ្តោតលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ក្នុងគ្រាមានគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់រ​បស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការកសាង ការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែធន់ និងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងតំបន់ជនបទ ។

ជាមួយគ្នានេះ សម្តេចធិបតី កត់សម្គាល់ថា បន្ថែមលើបញ្ហាប្រឈម លើផ្នែកធន់ធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត យើងក៏ត្រូវតែទទួលស្គាល់ថា សមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងតំបន់ គឺមិនទាន់ស្នើគ្នានោះទេ ។

សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា អាចមានមនុស្សច្រើន អាចយល់ស្របទៅនឹងការសង្កេតខាងលើនេះ ក្នុងន័យនេះ ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រង ឆ្លើយតបទៅនឹងគ្រាអាសន្នគ្រោះមហន្តរាយ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ាន ត្រូវតែអនុវត្តអាត់ម៊ែរ (AADMER) ប្រកបដោយភាពបត់បែន និងនវានុវត្តន៍ ។ ​មកដល់ពេលនេះ យើងបានអនុវត្តកម្មវិធីការងារ អាត់ម៊ែរ ចំនួន៣ ប្រកបដោយជោគជ័យ”៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top