សម្ដេចធិបតី ប្រាប់អនុរដ្ឋមន្ត្រីទី២ ក្រសួងការបរទេសកូរ៉េ ថា កម្ពុជា តែងតែចាត់វិធានការយ៉ាងសកម្ម ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ ថា កម្ពុជា តែងតែចាត់វិធានការយ៉ាងសកម្ម និងបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយភាពម្ចាស់ការ និងមានកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់បែបនេះនាឱកាសអនុញ្ញាតឱ្យ លោកស្រី KIM Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកស្រី អនុរដ្ឋមន្ត្រីទី២ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំង ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលកន្លងមក។
លោកស្រី បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា កន្លងមក នគរបាលនៃប្រទេសទាំងពីរបានសហការគ្នាជាច្រើន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយពុំបានចុះផ្សាយព័ត៌មានទាំងនោះឱ្យបានពេញលេញ។ ដូច្នេះ ទស្សនកិច្ចការងាររបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ នឹងរួមចំណែកកាត់បន្ថយនូវការភាន់ច្រឡំ តាមបណ្ដាញសារព័ត៌មាន ដោយសារការផ្សព្វផ្សាយព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ក៏ដូចជានឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់រឹងមាំ ក្នុងគោលដៅរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកស្រី ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយលទ្ធផលល្អជាផ្លែផ្កា។ ក្នុងន័យនេះ, សាធារណរដ្ឋកូរ៉េប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងល្អប្រសើរ ថែមទៀត។
ជាការឆ្លើយតប, សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ ដែលប្រទេសទាំងពីរបានដំឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០២៤។
ចំពោះការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ បាននិងកំពុងមានកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយលទ្ធផលជាច្រើន ហើយកិច្ចសហប្រតិបត្តិការនះនឹងនៅបន្តទៀត នាពេលអនាគត។
សម្ដេចបវរធិបតី ក៏បានគូសរំលេចថា កម្ពុជាតែងតែចាត់វិធានការយ៉ាងសកម្ម និងបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយភាពម្ចាស់ការ និងមានកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន រួមទាំងសាធារណរដ្ឋកូរ៉េ។
គួរបញ្ជាក់ផងដែរថា កន្លងមក កម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់សាធារណរដ្ឋកូរ៉េ វិញ។ បច្ចុប្បន្ននេះ, ជនជាតិកូរ៉េជាង ៦០នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅសាធារណរដ្ឋកូរ៉េ វិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕
