ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងក្រុមការងារប្រតិភូអមដំណើរ លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍នគរបាលទាំង៤៩ឃុំ សង្កាត់ និងមន្ត្រីនគរបាល ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងសរុបចំនួន ៥៣រូប។

លោកឧត្តមសេនីយ៍ឯក តាន់ សំណាង បានណែនាំពីគោលនយោបាយ និងទិសដៅនៃការងាររបស់នគរបាល ដោយលើកឡើងថាការផ្ទេរនិងតែងតាំងមុខតំណែងនាពេលនេះ ជាសញ្ញាដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពរបស់កងកម្លាំងនគរបាល និងសមត្ថភាពក្នុងការ ការពារសន្តិសុខសាធារណៈ ដែលទទួលបានការអនុម័ត និងការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា មន្ត្រីទទួលតំណែងថ្មី នឹងខិតខំធ្វើការងារ បង្កើនសមត្ថភាពការងារដើម្បីបំពេញតួនាទី ប្រកបដោយឆន្ទៈ ភាពទទួលខុសត្រូវ និងស្មោះត្រង់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋជាពិសេស លោកឧត្តមសេនីយ័ឯក បានពង្រឹង និងជំរុញ កម្លាំងក្នុងការខិតខំយកចិត្តទុក លើបទល្មើសបច្ចេកវិទ្យា Scam Online ស្រាវជ្រាវនិងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ កុំឱ្យមានយកប្រាក់កម្ចី ពីស្ថាប័ន ឬកម្ចីឯកជន ដែលស៊ីការប្រាក់ខ្ពស់ខុសច្បាប់ បន្តពង្រឹងការបង្ការទប់ស្កាត់បទល្មើសនិងបង្ក្រាបឱ្យខាងតែបាន រាល់បទល្មើសដែលបានកើតឡើង៕

ប្រភព&រូបភាព៖​ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ដោយ៖ ហ៊ុន ធឿន(ដើមអម្ពិល)

To Top