ព័ត៌មានជាតិ

កម្ពុជា-ចិន ពន្លឿនរៀបចំអនាម័យ-នីតិវិធី ដើម្បីនាំអង្ករសំរូប ម្នាស់ ខ្នុរ ទុរេនបង្កក មៀនសម្ងួត សាច់ចម្អិន សំបុកត្រចៀកកាំ ចំណីសត្វទៅចិន

ភ្នំពេញ ៖ កម្ពុជា-ចិនបានសហការរៀបចំ ការពន្លឿនការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ និងនីតិវិធីចាំបាច់ដើម្បីនាំអង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសមូត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានបង្ហាញលទ្ធផលជំនួបរវាងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី SUN Meijun រដ្ឋមន្ត្រី អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនាម័យ និងភូតគាម អនាម័យ (SPS) កាលពីថ្ងៃ១៥ តុលា បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នាពន្លឿនការរៀបចំពិធីសារអនាម័យនិងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ដើម្បីសម្រួលឱ្យកសិផលខ្មែរ មួយចំនួនបន្ថែមទៀត ដែលរួមមានអង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសមូត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិន។ ភាគីទាំងពីរក៏បានរៀបចំក្របខ័ណ្ឌក្រុមការងាររួម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងស្ថាប័ននៃប្រទេសទាំងពីរ សំដៅដោះស្រាយបញ្ហារាំងស្ទះកើតឡើងជាយថាហេតុ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។

កម្ពុជា-ចិនក៏ជំរុញនីតិវិធីចុះបញ្ជីជាមួយ GACC ដើម្បីផ្តល់ភាពងាយស្រួលឱ្យកសិផលពីកសិដ្ឋានខ្នាតតូច អាចមានលទ្ធភាព ចូលទៅកាន់ទីផ្សារប្រទេសចិន ក្នុងលក្ខខណ្ឌដែលកសិដ្ឋានទាំងនោះមានការអនុវត្តកសិកម្មល្អ(GAP)។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា លទ្ធផលទាំងនេះ គឺជាជំហ៊ានដ៏សំខាន់មួយទៀតក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូននិងមានប្រសិទ្ធភាព។ ក្រសួងកសិកម្ម អំពាវនាវឱ្យកសិករនិងវិស័យឯកជនពាក់ព័ន្ធបន្តការអនុវត្តកសិកម្មល្អ(GAP) ក៏ដូចជាការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន សំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាម នីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្តានុពលទីផ្សារកសិ-ចំណីអាហារកម្ពុជា៕

To Top