ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តមុខងារ ដែលក្រសួងបានធ្វើប្រតិភូកម្មជូនដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង-ស្រុកគោលដៅ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង-ស្រុកគោលដៅ ដោយប្រើប្រាស់ថវិកាឧបត្ថម្ភធនជំពូក៦៥ ដែលបានវិភាជន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ”។
តាមរយៈរបាយការណ៍សិក្ខាសាលាដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានបានបញ្ជាក់ជូនថា សិក្ខាសាលាបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញស្តីពីស្ថានភាពទូទៅនៃការផ្ទេរមុខងារទាំង៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទជូនដល់រដ្ឋបាលក្រុង-ស្រុក ទាំង ២១ និងរបាយការណ៍សមិទ្ធផលនៃការអនុវត្តមុខងាររបស់រដ្ឋបាលក្រុង-ស្រុកគោលដៅ ដោយប្រើប្រាស់ថវិកាឧបត្ថម្ភធនជំពូក៦៥ ដែលវិភាជន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ និងលំហូរថវិកាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៤ ព្រមទាំងបានពិភាក្សាលើបញ្ហា និងស្វែងរកវិធីសាស្រ្តដោះស្រាយ ដើម្បីយកទៅអនុវត្តឱ្យបាន និងប្រកបដោយប្រសិទ្ធភាព។
បន្ទាប់ពីស្ដាប់របាយការណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ ក្រុមការងារលេខាធិការដ្ឋាន ដែលបានខិតខំរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង ប្រកបដោយស្មារតីទទួលខុសត្រូវ ឱ្យសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ នឹងបំពេញបន្ថែមនូវចំណុចខ្វះខាត ព្រមទាំងដោះស្រាយរាល់ការលំបាកដែលជួបប្រទះក្នុងពេលអនុវត្ត និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារកំណែទម្រង់ ការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព ដែលនឹងចូលរួមចំណែកសម្រេចឱ្យបាន នូវគោលដៅនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំបន្តវេនប្រកបដោយ ថាមវន្ដ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដែលជាការតម្រង់ទិសជូនដល់អង្គសិក្ខាសាលា ដើម្បីជំរុញ និងធានាឱ្យបាននូវការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល៕





