ព័ត៌មានជាតិ

សម្តេចធិបតី ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ដោយកូនខ្មែរ៩០%

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍រំលឹកឡើងវិញថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) គឺជារបស់ខ្មែរដែលសាងសង់ដោយកូនខ្មែរ៩០%។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី មានប្រសាសន៍ថា ព្រលានយន្ដហោះអន្តរជាតិតេជោ (TIA) ដែលជារបស់ខ្មែរនោះបានបង្កើតការងារដល់យុវជនខ្មែរយ៉ាងច្រើនឲ្យមានមុខរបរដើម្បីបង្កើនចំណូលជួយក្រុមគ្រួសារ ។

សម្តេចធិបតី មានប្រសាសន៍បន្តទៀតថា ព្រលានយន្ដហោះអន្តរជាតិតេជោ ក៏គ្មានកម្ចីពីបរទេសនោះទេ គឺជាការដាក់ទុនវិនិយោគរបស់អ្នកវិនិយោគខ្មែរ និងបរទេសក្នុងស្រុក។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានលើកឡើងថា បើសិនជាការបកស្រាយនិងការលើកឡើង មិនពិតណាមួយពីមនុស្សមួយចំនួននៅក្រៅប្រទេសថា ព្រលានយន្តហោះនេះមិនមែនជាកម្មសិទ្ធិរបស់កម្ពុជា ត្រូវរួមគ្នាបង្ហាញការពិត ដើម្បីកុំឲ្យមានការយល់ច្រឡំ ប៉ុន្តែអ្វីដែលជាស្នូលត្រូវទទួលស្គាល់ បើសិនជាមានចំណុចវិជ្ជមាន ឬអវិជ្ជមានណាមួយនៅក្នុងព្រលានយន្តនេះ ត្រូវពង្រឹងនិងកែលំអរឡើងឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចធិបតីគូសបញ្ជាក់ថា “បើគេថា អាហ្នឹងជារបស់ប្រទេសនេះ ប្រទេសនោះ មិនពិតយើងត្រូវចេញទៅប្រាប់ថា អត់ទេ អាហ្នឹងជារបស់ខ្មែរ កូនខ្មែរ៩០ភាគរយជាអ្នកធ្វើ មិនជំពាក់អ្វីទេឲ្យបងប្អូនមហាជនបានឃើញ ។ បើសិនគេលើកបញ្ហា សេវាកម្មមានបញ្ហា យើងកុំអាលកបដិសេធ ត្រូវទៅមើលសិនតើមានបញ្ហាអត់? បើមានបញ្ហាត្រូវដោះស្រាយហើយពង្រឹងឱ្យបាន”។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ ពិភពលោកនោះទេ ប៉ុន្តែជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងសម្តេចធិបតី៕

To Top