ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ អំពាវនាវស្ថាប័នរដ្ឋ ឯកជន និងអ្នកល្បីក្នុងបណ្ដាញសង្គម ចូលរួមចលនាផ្សព្វផ្សាយវីដេអូស្ដីពី ការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក

ភ្នំពេញ ៖ វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត WILL Parks ប្រធានអង្គការ យូនីសេហ្វ (UNICEF ) ប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។

បន្ទាប់ពីការទស្សនាវីដេអូ លោកឧបនាយករដ្ឋមន្រ្តី ក្នុងនាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលបានសហការគាំទ្រគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងបេសកកម្មជំរុញការការពារសុវត្ថិភាពកុមារ ទាំងការបញ្ចៀសឱ្យបានពីគ្រោះថ្នាក់ចរាចរណ៍ និងករណីលង់ទឹក ដែលកំពុងក្លាយជាក្ដីព្រួយបារម្ភមួយ ទាំងសម្រាប់ឪពុកម្ដាយ អាណាព្យាបាល និងសង្គមជាតិ។

ក្នុងន័យនេះ លោក បានគូសបញ្ជាក់ថា ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹកនេះឡើង គឺពិតជាមានសារសំខាន់ណាស់ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការស្លាប់ របួស ពិការរបស់កុមារ ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខមួយ ក្នុងចំណោមមូលហេតុនាំមុខគេ នៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។

បើតាម លោកឧបនាយករដ្ឋមន្រ្តី ការរៀបចំពិធីផ្សព្វផ្សាយនេះ គ្រាន់តែជានិមិត្តរូបនៃការចាប់ផ្ដើមសកម្មភាពតែប៉ុណ្ណោះ ពោលគឺដើម្បីទទួលបានលទ្ធផលល្អនោះ ទាមទារជាចាំបាច់ ការចូលរួមពីគ្រប់តួអង្គក្នុងសង្គម ទាំងស្ថាប័នរដ្ឋ អង្គការសមាគម វិស័យឯកជន សិល្បករសិល្បការិនី និងជនមានប្រជាប្រិយភាពក្នុងគ្រប់បណ្ដាញសង្គម ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានផលផុស ជាដរាបគ្មានទីបញ្ចប់។

ក្រៅពីការផ្សព្វផ្សាយតាមបណ្ដាញសង្គម ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកឡើងពីជម្រើសជំរុញចលនាផ្សព្វផ្សាយនេះឱ្យបានកាន់តែសកម្មនិងទូលំទូលាយ ជាអាទិ៍ ក្នុងកម្មវិធីសាសនា កម្មវិធីជួបជុំជាសាធារណៈ ការផ្សព្វផ្សាយតាមLEDផ្សាយពាណិជ្ជកម្មលើដងផ្លូវ ការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍រដ្ឋគ្រប់រាជធានីខេត្ត រួមទាំងការផ្សព្វផ្សាយនៅតាមតំបន់គោលដៅទេសចរណ៍នានាជាដើម។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ មានពលរដ្ឋកម្ពុជា ប្រមាណ៧.៦នាក់ ក្នុងចំណោម ១០ម៉ឺននាក់ បានស្លាប់ដោយសារការលង់ទឹក ហើយភាគច្រើនជាកុមារអាយុក្រោម១៥ឆ្នាំ។ អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ បានរំលេចដោយយោងលើរបាយការណ៍អង្គការសុខភាពពិភពលោក។ ចំណែក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ បានសម្លាប់មនុស្សចំនួន១ ៥៨៨នាក់ ក្នុងនោះកុមារ និងយុវជនអាយុចន្លោះពី១៥-១៩ឆ្នាំ ស្ថិតក្នុងចំណោមតួលេខអ្នកស្លាប់ដ៏គួរឱ្យបារម្ភ៕

To Top