ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យ Ko1 បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់ ពាក់ព័ន្ធសកម្មភាពដុតចោលទំនិញថៃ

ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ បានឲ្យ Ko1បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់​ និងចូលរួមពង្រឹងតម្លៃសិលធម៌ សុជីវធម៌ គុណធម៌​ និងភាពថ្លៃថ្នូររបស់ជាតិ ក្រោយធ្វេីសកម្មភាពដុតចោលទំនិញថៃ​។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក​ នៅយប់ថ្ងៃ២០ ខែតុលា​ ឆ្នាំ២០២៥នេះ​ សម្ដេចតេជោ ហ៊ុន​ សែន​ ថា​ «ខ្ញុំទើបបានមើលវីដេអូមានរយៈពេលជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោក KO1 តែម្តង»។

សម្ដេច​ បន្ដថា ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់ គឺជាអំពើទៅហួសពីស្នេហាជាតិ និងជារបៀបក្រុមនិយមជ្រុលហួសហេតុ។ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩ភាគរយទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។

សម្ដេច​ បន្ថែមថា ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរ ដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើKo1មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដូចKo1បានធ្វើដែលមានក្នុងវីដេអូនេះ។បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុីប្រសើរជាងដុតឬកំទេចចោល។

សម្ដេច​ ថា​ «ខ្ញុំសូមឲ្យ Ko1បញ្ឈប់សកម្មភាពបែប ឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសិលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ»៕

To Top