កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ឈានចូលដល់ថ្ងៃទីពីរហើយ

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមនៅវេលាម៉ោង៩និង១០នាទីព្រឹកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។

គូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ៕







