សមត្ថកិច្ចជំនាញ បានអនុវត្តសកម្មភាពបង្ក្រាបបទល្មើសជាច្រើនក្នុងខែតុលានេះ

ព្រះសីហនុ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ចជំនាញ នៃផែនការងារនគរព្រហ្មទណ្ឌ បានអនុវត្តសកម្មភាពបង្ក្រាបបទល្មើសជាច្រើនករណីក្នុងខែតុលា ឆ្នាំ២០២៥ ដែលលទ្ធផលទាំងនេះ ស្ដែងឲ្យឃេីញនូវការខិតខំរបស់សមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។
ក្នុងអំឡុងខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចនបានបង្ក្រាបបទល្មើសជាច្រើនករណី ដូចខាងក្រោម ៖
១-កាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត (អាវុធកែច្នៃ) (៩ តុលា ២០២៥)
ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ ១នាក់ មានអាវុធកែច្នៃ ៣ដើម និងគ្រាប់កាំភ្លើង ៧គ្រាប់ ។
២-ករណីលួចប្រាក់ក្រុមហ៊ុន (៧ តុលា ២០២៥)
ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ ១នាក់ លួចប្រាក់ចំនួន ៦,៨២៥ ដុល្លារ ពីក្រុមហ៊ុន ។
៣-ករណីលួចខ្សែភ្លើង (៨ តុលា ២០២៥)
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជនជាតិខ្មែរ មានវត្ថុតាងជាច្រើន រួមទាំងម៉ូតូដែលប្រើសម្រាប់ប្រព្រឹត្តអំពើល្មើស ។
៤-ករណីកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត (១០ តុលា ២០២៥)
ឃាត់ខ្លួនជនជាតិចិន ១នាក់ មានអាវុធខ្លីម៉ាក P20 មួយដើម និងគ្រាប់កាំភ្លើង ៩មម ចំនួន ៧គ្រាប់ ។
៥-ករណីលួចម៉ូតូ និងទូរស័ព្ទដៃ (១៣ តុលា ២០២៥)
ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ ៤នាក់ មានវត្ថុតាងម៉ូតូ Dream C125 និងទូរស័ព្ទ iPhone 14។ សម្ភារទាំងនេះត្រូវបានប្រគល់ជូនម្ចាស់វិញ ។
៦-ករណីលួចដែកកាយ៉េ (១៤ តុលា ២០២៥)
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជនជាតិខ្មែរ មានវត្ថុតាងជាដែកកាយ៉េ បានប្រគល់ជូនម្ចាស់វិញ ។
៧-ករណីវាយគ្នាទៅវិញទៅមក (១៧ តុលា ២០២៥)
- ករណីទី១៖ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ (ខ្មែរ) មានវត្ថុតាងជាទូរស័ព្ទ និងកាំបិត ។
- ករណីទី២៖ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ (ខ្មែរ) មានទូរស័ព្ទ និងម៉ូតូជាច្រើន ។
សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងទាំងអស់បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕



















