ព័ត៌មានជាតិ

កម្ពុជា-ម៉ារ៉ុក ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ

ភ្នំពេញ៖ កម្ពុជា-ម៉ារ៉ុក បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក។

នៅសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក។

ក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាអំពីវិធីសាស្ត្រដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមក។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ។

បន្ទាប់ពីជំនួប ភាគីទាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលជាឯកសារដ៏សំខាន់ និងជាផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក៕

To Top