ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីក្របខណ្ឌគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគពីវិស័យឯកជន។


ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាឱកាសអនុញ្ញាតឱ្យ លោកបណ្ឌិត Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២១ តុលា នេះ។
ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅកម្ពុជា សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ប៊ុលហ្គារី ឱ្យកាន់តែមានភាពប្រសើរឡើង។
តាមរយៈជំនួបនេះ លោកបណ្ឌិត Maxim Behar បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលផ្តល់ការអនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកនេះ។
ភ្ជាប់ជាមួយគ្នានោះ លោក ក៏បានធ្វើការកត់សម្គាល់លើការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ហើយលោកនឹងពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជាដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះទៅជម្រាប ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប៊ុលហ្គារី នៅពេលដែលលោកធ្វើមាតុភូមិនិវត្តន៍។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីក្របខណ្ឌគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគពីវិស័យឯកជន ដែលសុទ្ធសឹងជាការងារស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរយោបល់នាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី និង លោកបណ្ឌិតប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី សង្ឃឹមថាភាគីទាំងពីរ កម្ពុជា-ប៊ុលហ្គារី នឹងមានការចាប់ដៃសហការលើកិច្ចការពាក់ព័ន្ធនានាជាពិសេសលើការងារវិនិយោគ ឱ្យបានកាន់តែប្រសើរឡើងនាពេលអនាគត៕
