កម្ពុជា-អាល្លឺម៉ង់ ផ្លាស់ប្តូរបទពិសោធការងារជាមួយគ្នា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានផ្លាស់ប្តូរបទពិសោធការងារជាមួយគ្នាលើការងារវិនិយោគ។

យោងតាមលទ្ធផលជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោក Andreas Scheuer នៅថ្ងៃ២២ តុលា បានឲ្យដឹងថា ក្នុងក្របខណ្ឌនៃបេសកកម្មរបស់ស្ថាប័ន Asia Bridge បានពង្រឹងទំនាក់ទំនង និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាស៊ី ហើយកម្ពុជា គឺជាគោលដៅលេចធ្លោមួយដែលទទួលបានការចាប់អារម្មណ៍។ ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាភិបាល បានពិភាក្សាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងបទពិសោធន៍ការងារកន្លងមក , បរិយាកាសវិនិយោគនៅកម្ពុជា , ពិពិធកម្មសេដ្ឋកិច្ច និងគោលដៅវិនិយោគ , ពាណិជ្ជកម្មអន្តរជាតិ , ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល។


បន្ថែមពីនោះ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបពីការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ និងការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែលលទ្ធផលនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស៕
