ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្ដរជាតិតេជោ ចុះអនុស្សារណៈយោគយល់គ្នា ជាមួយមូលនិធិ GX FOUNDATION សម្រាប់ការការពារហានិភ័យជំងឺគ្រុនឈាម និងជំងឺឆ្លង

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ប្រភេទ 4F ដែលជាប្រភេទព្រលានយន្តហោះខ្នាតធំ ស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ទទួលបានការការពារហានិភ័យជំងឺគ្រុនឈាម និងជំងឺឆ្លងបង្កដោយវ៉ិចទ័រផ្សេងៗ ក្រោយចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយមូលនិធិ GX FOUNDATION ។

កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមូលនិធិ GX FOUNDATION សម្រាប់ការការពារហានិភ័យជំងឺគ្រុនឈាម និងជំងឺឆ្លងបង្កដោយវ៉ិចទ័រផ្សេងៗ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការអញ្ជើញចូលរួម ពីលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) និងលោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានលើកឡើងថា មូលនិធិ GX FOUNDATION បានចុះជួយតាមបណ្ដាលប្រទេសក្រីក្រ ជាពិសេសប្រទេស ដែលមានប្រជាពលរដ្ឋ ត្រូវការព្យាបាលជំងឺភ្នែកឡើងបាយ ហើយមូលនិធិនេះ ជំនាញលើការការពារជំងឺគ្រុនឈាម។

សូមបញ្ជាក់ថា មូលនិធិ GX Foundation ក្រោមការដឹកនាំរបស់លោក Leung Chun-ying ជាប្រធាន បានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជាយ៉ាងសកម្ម លើវិស័យសុខាភិបាល ជាពិសេសក្នុងគ្រាកម្ពុជា ជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។

បច្ចុប្បន្នមូលនិធិ GX Foundation កំពុងបន្តគម្រោងវះកាត់ភ្នែកឡើងបាយ ដើម្បីជួយព្យាបាលជំងឺភ្នែក​ដល់ប្រជាជនកម្ពុជា។ គម្រោងនេះ ពិតជាមានអត្ថប្រយោជន៍ក្នុងការចូលរួមពង្រឹង និងលើកកម្ពស់​សុខ​ភាព​សាធារណៈ ដែលជាផ្នែកមួយ នៃការគាំទ្រគោលនយោបាយអភិវឌ្ឍន៍សម្រាប់អាណត្តិទី៧​ នៃរាជ​រដ្ឋា​ភិបាលកម្ពុជា។

តាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ៕


ដោយ៖​ ដារាត់| ដើមអម្ពិល

To Top