ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពយុវជន សួស ធារ៉ា ដែលបានទទួលមរណៈភាពដោយលង់ទឹក នៅឃុំដងកាំបិត  ស្រុកសណ្ដាន់ ខេត្តកំពង់ធំ!

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរឃុំ ភូមិ នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន និងចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពលោក សួស ធារ៉ា អាយុ ១៨ឆ្នាំ ដែលបានទទួលមរណភាពដោយឧបទ្ទវហេតុលង់ទឹក នៅតាមដងស្ទឹងសែន ក្នុងពេលបង់សំណាញ់ នេសាទត្រី ជាលក្ខណៈគ្រួសារ នៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយឡោះអាល័យ ចំពោះការបាត់បង់យុវជន សួស ធារ៉ា ដែលជាកូន ជាបង ជាប្អូន របស់ក្រុមគ្រួសារលោក សួស វ៉េត និងអ្នកស្រី វ៉ាន់ ថេន  ដោយបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព ដោយបានគោរពវិញ្ញាណក្ខន្ធ និងសូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ យុវជន សួស ធារ៉ា បានទៅកាន់តែសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

នៅក្នុងឱកាស ដ៏ក្រៀមក្រំនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បាននាំយកនៅអំណោយមនុស្សធម៌មាន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសពនេះផងដែរ៕

ដោយ៖ សំនៀង

To Top