ព័ត៌មានជាតិ

ក្នុងមហាសន្និបាត IPU ៖ កម្ពុជា សម្តែងក្តីព្រួយបារម្ភ ខណៈសន្តិភាពនៅតាមបណ្តោយព្រំដែននៅតែ “មានភាពផុយស្រួយ”

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត IPU លើកទី១៥១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានសម្តែងក្តីព្រួយបារម្ភ ខណៈសន្តិភាពនៅតាមបណ្តោយព្រំដែននៅតែ “មានភាពផុយស្រួយ”។

ក្នុងបទអន្តរាគមន៍ក្រោមមូលបទ«ការលើកកម្ពស់បទដ្ឋានមនុស្សធម៌ និងការគាំទ្រសកម្មភាពមនុស្សធម៌ក្នុងពេលមានវិបត្តិ» នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក អ៊ុច បូររិទ្ធ បានអំពាវនាវឱ្យមានការគោរពបទដ្ឋានមនុស្សធម៌សកល ដោយបញ្ជាក់ថា “រង្វាស់ពិតប្រាកដនៃប្រជាជាតិមួយ… គឺស្ថិតនៅលើការគោរពអនុសញ្ញាទីក្រុងហ្សឺណែវ និងសេចក្តីថ្លៃថ្នូររបស់មនុស្សខណៈដែលកំពុងរងការរំលោភបំពាន”។

លោកបានគូសបញ្ជាក់ថា កម្ពុជាជាប្រជាជាតិដែល “បានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល” ហើយ “ស្រឡាញ់និងការពារសុខសន្តិភាព” ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ។ កម្ពុជា “គ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ ជាពិសេសថៃ” ប៉ុន្តែ “ដើម្បីការពិត យើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតប” ។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រំដែនរវាងប្រទេសទាំងពីរ “មិនមែនមិនទាន់បានកំណត់នោះទេ” តែមានមូលដ្ឋានក្នុង “លិខិតុបករណ៍អន្តរជាតិដែលចងកាតព្វកិច្ចអនុវត្ត” រួមទាំងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា ឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធ ដែលត្រូវបានបញ្ជាក់អះអាងឡើងវិញ ដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ។

លោកបានសង្កត់ធ្ងន់ថា ជម្លោះកើតឡើង “កើតចេញពីការមិនគោរពលិខិតុបករណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ” ។

លោក អ៊ុច បូររិទ្ធ បានសម្តែងក្តីព្រួយបារម្ភ ខណៈសន្តិភាពនៅតាមបណ្តោយព្រំដែននៅតែ “មានភាពផុយស្រួយ”។ ប្រជាពលរដ្ឋកម្ពុជា នៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ហើយទាហានកម្ពុជា១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ។ លោកបានលើកឡើងអំពី “ការបំភិតបំភ័យផ្លូវចិត្ត” ដូចជា “ការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់” ថាជា “ការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្ស” ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ។

ក្នុងការឆ្លើយតបទៅនឹង ការចោទប្រកាន់នានា លោក អ៊ុច បូររិទ្ធ បានច្រានចោលការអះអាងអំពី “ការធ្វើយោធូបនីយកម្ម” តំបន់បេតិកភណ្ឌពិភពលោក ថា “គ្មានមូលដ្ឋានទាល់តែសោះ” ដោយបញ្ជាក់ថា កម្ពុជាការពារប្រាសាទព្រះវិហារ “មិនមែនតាមរយៈការប្រើអាវុធនោះទេ ប៉ុន្តែតាមរយៈភាពជាបេតិកភណ្ឌ ច្បាប់ និងការអត់ធ្មត់” “ ប្រាសាទមិនមែនគ្រាន់តែ ជាកេរ៍តំណែលពីអតីតកាលប៉ុណ្ណោះទេ តែវាបង្កប់នូវការចងចាំ អត្តសញ្ញាណ និងដួងព្រលឹងនៃប្រជាជាតិ។ ការធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌទាំងនេះ គឺធ្វើឱ្យរបួសដល់មនុស្សជាតិទាំងមូល”។

លោកបានបន្ថែមថា ”ឥរិយាបថរបស់យើងត្រូវបានដឹកនាំ ដោយគោលការណ៍ មិនមែនដោយការឃោសនាឡើយ។ យើងដឹកនាំដោយច្បាប់ មិនមែនដោយមហិច្ឆតា នោះទេ” ។ លោក ក៏បានហៅការចោទប្រកាន់ពីការដាក់គ្រាប់មីនថ្មីថា “ទាំងគ្មានមូលដ្ឋាន និងទាំងមិនអាចកើតឡើង” ដោយគូសបញ្ជាក់ ពីកំណត់ត្រារបស់កម្ពុជាដែលបាន “បំផ្លាញគ្រាប់មីនជាងបីលានគ្រាប់” និងជា “អ្នកតស៊ូមតិនាំមុខគេក្នុងការដោះមីន ក្រោមអនុសញ្ញាអូតាវ៉ា” ។

លោក អ៊ុច បូររិទ្ធ បានអះអាងនូវជំហរ “ឥតងាករេ” របស់កម្ពុជា ដែលជឿជាក់ថា “ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ” ។ “ការពិត និងតម្លាភាព” គឺចាំបាច់ដើម្បីស្តារទំនុកចិត្ត។

លោកបានបញ្ចប់ដោយសារ យ៉ាងច្បាស់លាស់ថា “បទដ្ឋានមនុស្សធម៌ មិនអាចចរចាបានទេ។ សកម្មភាពមនុស្សធម៌ មិនត្រូវរងការរារាំងជាដាច់ខាត ហើយការពិតត្រូវតែឈ្នះលើព័ត៌មានមិនពិត” ៕

To Top