បុរសជនជាតិកូរ៉េ វង្វេងវង្វាន់នៅម្តុំរង្វង់មូលតោពីរ ក្រុងព្រះសីហនុ ត្រូវបានឪពុកយកទៅវិញ

ភ្នំពេញ៖ បុរសជនបរទេស(កូរ៉េ)ម្នាក់ស្រែកឡូឡា និងរត់ចុះឡើងនៅម្តុំរង្វង់មូលតោពីរ ក្រុងព្រះសីហនុដែលត្រូវបានកម្លាំងនគរបាលចុះអន្តរាគមន៍ភ្លាមៗ ហើយយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសួរនាំ និងកំណត់អត្តសញ្ញាណនោះ ត្រូវបានឪពុករបស់គេសុំយកទៅប្រទេសកំណើតវិញ ។
យោងតាមស្នងការដ្ឋានខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៤និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសជនបរទេសម្នាក់ស្រែកឡូឡា និងរត់ចុះឡើងនៅម្តុំរង្វង់មូលតោពីរ ក្រុងព្រះសីហនុ កម្លាំងនគរបាលបានចុះអន្តរាគមន៍ភ្លាមៗ ហើយនាំយកបុរសនោះមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសួរនាំ និងកំណត់អត្តសញ្ញាណ ។
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០នាទី ក៏មានបុរសជនជាតិកូរ៉េម្នាក់ឈ្មោះ KIM YOUNG KOOK បានមកដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សួររកកូនប្រុសរបស់ខ្លួនឈ្មោះ KIM MINHYEOG អាយុ៤៣ឆ្នាំ ដែលបានបាត់ខ្លួន ដោយគាត់បានបញ្ជាក់ថា កូនរបស់គាត់មានបញ្ហាផ្នែកសុខភាពផ្លូវចិត្ត ហើយសុំអនុញ្ញាតយកកូនរបស់ខ្លួនត្រឡប់ទៅប្រទេសកូរ៉េវិញ ដើម្បីព្យាបាល ។
ក្រោយពេលបានពិនិត្យអត្តសញ្ញាណត្រឹមត្រូវ សមត្ថកិច្ចបានអនុញ្ញាតឲ្យលោក KIM YOUNG KOOK ត្រូវជាឪពុកនាំយកកូនរបស់គាត់ត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីទទួលការថែទាំ និងព្យាបាល ៕





