ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំអធិការខណ្ឌទាំង១៤ បន្តពង្រឹងឲ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអធិការខណ្ឌទាំង១៤ បន្តពង្រឹងឲ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលបច្ចុប្បន្ននេះ មានជនបរទេសមួយចំនួន បាននឹងកំពុងយកកម្ពុជាធ្វើជាជម្រក ក្នុងការប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា។ 

ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីអំពីការងារផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងការងារតាមដានសភាពការណ៍សន្តិសុខសង្គម និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២៥ លើកទិសដៅការងារបន្ត នារសៀលថៃ្ងទី២៣ ខែតុលា ឆ្នាំ២០២៥។ 

លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឲ្យកម្លាំងទាំងអស់ ត្រូវរៀបរយកម្លាំងឲ្យបាន១០០ភាគរយ និង២៤ម៉ោង ត្រៀមជាស្រេចសម្រាប់រងចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំនិងចេញអន្តរាគមន៍គ្រប់សភាពការណ៍។

ក្នុងនោះកម្លាំងទាំងអស់ ក៏ចាំបាច់ត្រូវបង្កើនការពង្រឹងឲ្យបានខ្ពស់បន្តទៀតលើកិច្ចការងារការពារថ្នាក់ដឹកនាំជាតិ , ការងារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ, កិច្ចការងារភូមិសង្កាត់មានសុវត្ថិភាព ក៏ដូចជាការចុះដោះស្រាយការកកស្ទះចរាចរណ៍ តាមបណ្តាផ្លូវមានបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ។ 

លោក ស្នងការ ក៏បានសង្កត់ធ្ងន់ដល់ជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឲ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលបច្ចុប្បន្ននេះ មានជនបរទេសមួយចំនួន បាននឹងកំពុងយកកម្ពុជាធ្វើជាជម្រក ក្នុងការប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា និងជំរុញការគ្រប់គ្រងត្រួតពិនិត្យទីតាំងតូចធំនៃសកម្មភាពប្រព្រឹត្តបទល្មើសទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលកន្លែងលួចបើកល្បែងដែលបានចូលបង្ក្រាបហើយ មិនឱ្យមានលួចបើកវិញ ជាពិសេសលួច បង្កប់តាមទីតាំងតូចៗ៕

To Top