កម្ពុជា ជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍មនុស្សធម៌
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជា គឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋាននានា របស់អនុសញ្ញា។
ការលើកឡើង លោកទេសរដ្ឋមន្ត្រី លី ធុជ នាឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក SUZUKI Hideo ឯកអគ្គរាជទូតជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គជប៉ុន នៅអគារក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងបន្តគាំទ្រឱ្យមានសន្តិភាពរវាងកម្ពុជា-ថៃ។ ជាមួយគ្នានោះ លោក លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរអង្វែងរបស់ជប៉ុន ជាមួយកម្ពុជា ជាពិសេសក្នុងវិស័យសកម្មភាពមីន ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងប្រែក្លាយដីមីនទៅជាដីមានសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍។
លោក បានថ្លែងថា កម្ពុជាគឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋានរបស់អនុសញ្ញា ហើយកម្ពុជាបន្តប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង សំដៅសម្រេចបានកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោក ក៏បានលើកឡើងអំពីសមិទ្ធផលសកម្មភាពមីននៅកម្ពុជារយៈពេលប្រមាណ៣០ឆ្នាំមកនេះ និងបញ្ហាដែលនៅសេសសល់ ជាពិសេសចម្កាមីននៅតាមបណ្តោយព្រំដែន ដែលមានគ្រាប់មីនច្រើន ពិបាកចូលទៅដល់ និងពិបាកក្នុងការបោសសម្អាត ដែលទាមទារឱ្យមានបច្ចេកទេសខ្ពស់ និងឧបករណ៍ទំនើប។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានលើកអំពីការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ព្រំដែន និងរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្ម និងប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្មកម្ពុជា-ថៃ និងក្នុងតំបន់ទាំងមូល។
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ជប៉ុន បន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនកិច្ចសហការរវាងរដ្ឋាភិបាលជប៉ុន ជាមួយអាជ្ញាធរមីន ដើម្បីធានាថាជំនួយសកម្មភាពមីនមនុស្សធម៌របស់ប្រទេសជប៉ុនមានប្រសិទ្ធភាពខ្ពស់ មានតម្លាភាព ប្រើប្រាស់ត្រូវគោលដៅ និងស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ លោក បានស្នើដល់រដ្ឋាភិបាលជប៉ុន ដើរតួសំខាន់ជំរុញឱ្យអនុវត្តបទឈប់បាញ់ និងរក្សាឱ្យបានសន្តិភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ រួមទាំងក្រុមហ៊ុនវិនិយោគរបស់ជប៉ុន។
ជាការឆ្លើយតប លោក SUZUKI Hideo បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងសន្និសិទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនកម្ពុជា ដែលបានចូលរួមចម្បងក្នុងការធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជន និងផ្តល់ដីសុវត្ថិភាពសម្រាប់ការស់នៅ និងអភិវឌ្ឍ។
លោក គូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន និងប្តេជ្ញាបន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅប្រទេសដែលគ្មានមីន។ លោក លើកឡើងផងដែរថា ជប៉ុនចង់បាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងសកម្មភាពមីន៕



