ព័ត៌មានជាតិ

ក្នុងនាមជាសមាជិកនៃក្រុមប្រទេស APG, កម្ពុជាត្រូវបានជ្រើសតាំងយ៉ាងត្រឹមត្រូវ

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU)បានឱ្យដឹងថា ក្នុងនាមជាសមាជិកនៃក្រុមប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG), កម្ពុជាត្រូវបានជ្រើសតាំងយ៉ាងត្រឹមត្រូវ។
ការលើកឡើងរបស់បែបនេះ បន្ទាប់ពីសារព័ត៌មាន The Nation របស់ថៃបានផ្សព្វផ្សាយព័ត៌មានមិនពិតចោទប្រកាន់មកលើកម្ពុជា ពាក់ព័ន្ធទៅនឹងតួនាទីរបស់ថៃក្នុងសហភាពអន្តរសភា ។

យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥បានឲ្យដឹងថា អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាហួសចិត្តយ៉ាងខ្លាំង ដោយបណ្តាញផ្សព្វផ្សាយព័ត៌មាន The Nation នៅថ្ងៃទី២៣តុលា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយដោយមិនចេះខ្មាស់អៀននូវព័ត៌មានភូតភរកុហក និងបំភ្លៃការពិត។

សេចក្តីបំភ្លឺបានឱ្យដឹងទៀតថា ក្នុងនាមជាសមាជិកនៃក្រុមប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG), កម្ពុជាត្រូវបានជ្រើសតាំងយ៉ាងត្រឹមត្រូវ តាមការព្រមព្រៀងជាឯកច្ឆន្ទពីក្រុមAPG ជាសមាសភាពនៅក្នុងគណៈកម្មាធិការតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត រួមជាមួយតំណាងម្នាក់ទៀតមកពីតំបន់។ កម្ពុជាមិនដែលព្យាយាមដកចេញ មិនអើពើ ឬរើសអើងគណៈប្រតិភូណាមួយឡើយ-មិនថាមុន ក្នុងអំឡុងពេល ឬក្រោយពេលដែលកម្ពុជាបានទទួលការតែងតាំងនោះទេ ។
សេចក្តីបំភ្លឺបន្តថា ការអះអាងដែលថាគណៈប្រតិភូថៃត្រូវបាន “ទម្លាក់” ទៅតួនាទីជាទីប្រឹក្សា គឺជាការលើកឡើងមិនត្រឹមត្រូវ និងបង្កការភាន់ច្រឡំ។

សេចក្តីបំភ្លឺសង្កត់ធ្ងន់ថា សកម្មភាពរបស់គណៈប្រតិភូកម្ពុជាក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ និងអនុលោមតាមគោលការណ៍តម្លាភាព វិជ្ជាជីវៈ សុចរិត ភាព និងស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយ គ្រប់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធើណេតជាសាកល ៕

To Top