ព័ត៌មានជាតិ

៩ខែ ដើមឆ្នាំ២០២៥នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាង១០០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៦៨ទៀត បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។ ក្នុងចំណោម សមាគម និងអង្គការដែលបានចុះបញ្ជីនោះ អ្នកនាំពាក្យបានលម្អិតឱ្យដឹងថា មានសមាគមចំនួន១០២ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៦។ ដោយឡែក ក្នុងរយៈពេលដូចគ្នានេះ ក្រសួងក៏បានលុបឈ្មោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចេញពីបញ្ជីចំនួន៦៩ផងដែរ។

លោក ទូច សុឃៈ បានបន្ថែមថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន៦.៦៤៩ហើយ ដោយក្នុងនោះ មានសមាគមចំនួន២.៩២៣ អង្គការមិនមែនរដ្ឋាភិបាលចំនួន៣.៥៧០ និងសហគមន៍ជនជាតិដើមភាគតិចចំនួន១៥៦។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ថាជាការឆ្លុះបញ្ចាំងពីលំហនៃការអនុវត្តសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់។

លោកទូច សុឃៈ បានមានប្រសាសន៍បន្ថែមក្នុងន័យដើមថា «យើងពិតជារីករាយ និងស្វាគមន៍ចំពោះកំណើនជាប្រចាំរបស់អង្គការនិងសមាគម។ ទន្ទឹមនឹងនេះ ក៏យើងសូមទទូចឱ្យបណ្ដាអង្គការ សមាគមទាំងអស់ដែលបានចុះបញ្ជីរួចហើយពីមុនៗ គឺត្រូវធ្វើសកម្មភាពរបស់ខ្លួនមិនត្រូវទុកចោលនោះទេ។ ការធ្វើសកម្មភាពត្រូវធ្វើទៅតាមលក្ខន្ដិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ជាពិសេសត្រូវគោរពទៅតាមលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក៏ដូចគ្នាដែរ អង្គការ សមាគមដែលទើបតែចុះឈ្មោះគឺត្រូវឈ្វេងយល់ឱ្យបានស៊ីជម្រៅ និងធ្វើសកម្មភាពឱ្យបានរស់រវើកដោយគោរពទៅតាមលក្ខន្ដិកៈដែលខ្លួនបានតម្កល់នៅក្រសួងមហាផ្ទៃ ចៀសវាងល្មើសទៅលើលក្ខន្ដិកៈ និងច្បាប់ដដៃៗទៀត»។

លោកទូច សុឃៈ បន្តថា «ក្នុងករណីមិនបានបំពេញកាតព្វកិច្ចទៅតាមច្បាប់ដែលបានលើកឡើងខាងលើ ត្រូវប្រឈមទៅនឹងការអនុវត្តច្បាប់ពីសំណាក់ក្រសួងមហាផ្ទៃ។ ពោលគឺយើងត្រូវទទួលស្គាល់ទាំងអស់គ្នាថាយើងកំពុងដើរទៅរកផ្លូវច្បាប់ដូច្នេះ NGO អង្គការ សមាគម ត្រូវគោរពឱ្យបានគត់មត់ទៅតាមស្មារតីដែលច្បាប់កំណត់ឱ្យបំពេញ និងច្បាប់ផ្ដល់សិទ្ធិឱ្យ។ កុំឱ្យធ្វើលើសដើម្បីបម្រើផលប្រយោជន៍នយោបាយណាមួយ គឺជារឿងមួយមិនអាចបណ្ដែតបណ្ដោយបាននោះទេ»។

យោងតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សមាគមក្នុងស្រុក សំដៅដល់អង្គការសមាជិកភាព ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់ របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍ របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ ចំណែកអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណង ផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា៕

To Top