ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ

ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញ ចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ព្រឹកថ្ងៃអាទិត្យ ទី២៦ តុលា ២០២៥។ 

សូមរំលឹកថា តបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បាដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ 

ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈម នានាក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក៕

To Top