ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ ក្រោយខកខាន ដោយសារវិបត្តិកូវីដ១៩

ភ្នំពេញ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការបើកដំណើរការ ជើងហោះហើរ ពីភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) គឺជាសមិទ្ធផលថ្មីមួយ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការជំរុញតភ្ជាប់ជើងហោះហើរ ដឹកអ្នកដំណើរអន្តរជាតិឡើងវិញ រវាងកម្ពុជា និងប្រទេសជប៉ុន ក្រោយខកខាន ចាប់តាំងពីមានវិបត្តិជំងឺកូវីដ-១៩ ។

ក្នុងឱកាសអញ្ជើញសម្ពោធជើងហោះហើរ រវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូ ឆ្លងកាត់ទីក្រុងហ្វូចូវ ប្រទេសចិន ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសរំលេចថា តាមតួលេខមុនពេលមានឆ្លងកូវីដ-១៩ ប្រទេសកម្ពុជា បានទទួលអ្នកដំណើរតាមផ្លូវអាកាស និងអ្នកទេសចរណ៍ជនជាតិជប៉ុន ប្រមាណជាង២០ម៉ឺននាក់ ក្នុងឆ្នាំ២០១៩។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ឆ្លៀតយកឱកាសនេះ តាមរយៈឯកអគ្គរាជទូតជប៉ុន ដើម្បីថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រគ្រប់វិស័យ ជាពិសេសវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងបានជួយជំរុញ និងគាំទ្រដល់ការរៀបចំ បើកដំណើរការជើងហោះហើរថ្មី រវាងកម្ពុជានិងជប៉ុន របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ។

ក្នុងនោះរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាត់ទុកថាពិធីសម្ពោធជើងហោះហើរថ្ងៃនេះ ក៏ជានិមិត្តរូបនៃភាពជោគជ័យផ្លែផ្កា នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ នៃប្រទេសទាំងពីរផងដែរ។

បន្ថែមលើសពីនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការរៀបចំឱ្យមានការហោះហើរ​ ទៅ​កាន់ប្រទេសជប៉ុន ជាប្រវត្តិសាស្ត្រនាពេលនេះ គឺនឹងចូលរួមឆ្លើយតបជាវិជ្ជមាន ទៅនឹងតម្រូវការវិស័យទេសចរណ៍ ពាណិជ្ជកម្ម ឡូជីស្លឹក និងការផ្លាស់ប្តូរវប្បធម៌ប្រជាជន រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងស្របជាមួយចក្ខុវិស័យ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយវិស័យអាកាសចរណ៍ស៊ីវិល ស្ថិតនៅក្នុងបញ្ចកោណទី២. ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និងមុំទី២. ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព​ នៃវិស័យដឹកជញ្ជូននិងឡូជីស្លឹក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យ ឌីជីថល ។

សូមបញ្ជាក់ថា ជើងហោះហើរភ្នំពេញ-ទីក្រុងហ្វ៊ូចូវ-ទីក្រុងតូក្យូ (PNH–FOC–NRT) បានផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរជាមួយ ពេលវេលាប្តូរយន្តហោះខ្លី តាមរយៈទីក្រុងហ្វូចូវ ដោយជួយកាត់បន្ថយការរង់ចាំយូរ និងធ្វើឱ្យការធ្វើដំណើររវាងកម្ពុជា និងជប៉ុន រហ័ស​សមស្រប និងមានប្រសិទ្ធភាព។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលផ្តល់ការហោះហើរត្រង់​ ពីទីក្រុងភ្នំពេញ ទៅកាន់ប្រទេសជប៉ុន តាមរយៈទីក្រុងហ៊្វូចូវ។ ជើងហោះហើរនេះចំណាយពេលប្រហែល ៧ម៉ោង៖៣០នាទី ជាមួយនឹងការឈប់សម្រាក៥០នាទី នៅទីក្រុងហ្វ៊ូចូវ។ ជើងហោះហើរនេះ ប្រើប្រាស់យន្តហោះប្រភេទ អ៊ែរបើស (Airbus) ៣២០/៣២១ ដែលបានកំណត់រចនាសម្ព័ន្ធ ជាមួយនឹងកៅអី ដឹកអ្នកដំណើរចំនួន ១៧០/១៧៨ (ចែកជា២ថ្នាក់ កៅអី៖ កៅអីធម្មតា និងកៅអីថ្នាក់ធុរកិច្ច)។ សម្រាប់ការឈប់សម្រាក នៅទីក្រុងហ្វ៊ូចូវ អ្នកដំណើរមិនតម្រូវឱ្យចុះពីយន្តហោះ មិនតែប៉ុណ្ណោះ ក៏មិនតម្រូវឱ្យមានទិដ្ឋាការនោះទេ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top