លោក ហួត ហាក់៖ ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធ ជាមួយជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមព្រឹត្តិការណ៍ ទទួលស្វាគមន៍ជើងហោះហើរដំបូង Phnom Penh-Tokyo ពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធ ជាមួយដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់បន្ថែមទៀត ។

ជើងហោះហើរត្រង់ ពីភ្នំពេញ ទៅកាន់ប្រទេសជប៉ុន ត្រូវបានបើកដំណើរការឡើងវិញ ក្រោយខកខាន ដោយសារវិបត្តិកូវីដ១៩កន្លងទៅ ដោយជើងហោះហើរត្រង់នេះ នឹងធ្វើការឆ្លងកាត់ទីក្រុងហ្វូចូវ ខេត្តហ្វូចៀន ប្រទេសចិន តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia ។

ក្នុងឱកាសនេះ លោក ហួត ហាក់ បានចាត់ទុកព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជឿជាក់ថា ការចាប់ផ្តើមបើកសេវាហោះហើរដោយផ្ទាល់នេះ នឹងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសទាំងពីរ ងាយស្រួល និងឆាប់រហ័សជាងមុន និងបង្ហាញពីមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរផងដែរ។

លោក ហួត ហាក់ មានប្រសាសន៍ថា “ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធជាមួយដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់បន្ថែមទៀត។ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរជប៉ុនទាំងអស់ និងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលផ្តល់ការហោះហើរត្រង់ ពីទីក្រុងភ្នំពេញ ទៅកាន់ប្រទេសជប៉ុន តាមរយៈទីក្រុងហ៊្វូចូវ។ ជើងហោះហើរនេះចំណាយពេលប្រហែល ៧ម៉ោង៖៣០នាទី ជាមួយនឹងការឈប់សម្រាក៥០នាទី នៅទីក្រុងហ្វ៊ូចូវ។ ជើងហោះហើរនេះ ប្រើប្រាស់យន្តហោះប្រភេទ អ៊ែរបើស (Airbus) ៣២០/៣២១ ដែលបានកំណត់រចនាសម្ព័ន្ធ ជាមួយនឹងកៅអី ដឹកអ្នកដំណើរចំនួន ១៧០/១៧៨ (ចែកជា២ថ្នាក់ កៅអី៖ កៅអីធម្មតា និងកៅអីថ្នាក់ធុរកិច្ច)។ សម្រាប់ការឈប់សម្រាក នៅទីក្រុងហ្វ៊ូចូវ អ្នកដំណើរមិនតម្រូវឱ្យចុះពីយន្តហោះ មិនតែប៉ុណ្ណោះ ក៏មិនតម្រូវឱ្យមានទិដ្ឋាការនោះទេ៕
ដោយ៖ ដារាត់| ដើមអម្ពិល
