រដ្ឋមន្ត្រី ហេង សួរ អបអរសាទរសម្តេចនាយករដ្ឋមន្ត្រីចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលនាំមកនូវសន្តិភាពតាមបណ្តោយព្រំដែនឡើងវិញ
ភ្នំពេញ៖ ភ្លាមៗការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ីក្រោមវត្តមានសាក្សីពីលោកប្រធានាធិបតីអាមេរិកឌូណាល់ត្រាំ និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហីម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសារអបអរសាទរយ៉ាងក្លៀវក្លាបំផុត។

តាមរយៈបណ្តាញសង្គមផ្លូវការ លោករដ្ឋមន្ត្រីថា ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាមោទនភាពសម្រាប់កម្ពុជា។
លោកបញ្ជាក់ថា៖ “ខ្ញុំបាទ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងកម្មករនិយោជិតនៅទូទាំងប្រទេស ពិតជាមានមោទនភាព និងសូមគោរពអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមពល នាំមកវិញនូវសន្តិភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនជាតិ និងប្រជាជនកម្ពុជា”។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ចំពោះភាពជោគជ័យនៃយុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
