តាំងបង្ហាញមុខម្ហូបម្យ៉ាង ដែលមានដើមកំណើតពីជនជាតិដើមភាគតិច
មណ្ឌលគិរី៖ មុខម្ហូបម្យ៉ាង ដែលផ្សំឡើងពីត្រីសាច់ បន្ថែមដោយបន្លែធម្មជាតិជាច្រើនមុខ ថែមទាំងចម្អិនក្នុងបំពង់ឬស្សី និងត្រូវបានជ្រើសរើសជាអាហារនាំមុខគេ នៅក្នុងពិធីតាំងបង្ហាញក្នុងព្រឹត្តិការនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ក្នុងខេត្តមណ្ឌលគិរី។

ព្រឹត្តិការដែលពុំសូវបានធ្វើឡើងមួយនេះ អាចនិយាយបានថា ទើបតែបង្កើតឡើងក្នុងឆ្នាំនេះប៉ុណ្ណោះ ហើយក៏ត្រូវបានរដ្ឋបាលខេត្តមណ្ឌលគិរី ជ្រើសយកថ្ងៃទី០៤ខែវិច្ឆិកាវេលាម៉ោង៣រសៀលនៅទីតាំងសួនដំរីដែក ក្រុងសែនមនោរម្យ ដើម្បីធ្វើការតាំងបង្ហាញ និងបានហៅថា ព្រឹត្តិការ “សម្លព្រូង”។

អត្ថន័យនៃការតាំងបង្ហាញមុខម្ហូបសម្លព្រូងនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានបង្ហាញពីចេតនា មួយគឺជួយលើកស្ទួយនូវមុខម្ហូបរបស់ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ព្រមទាំងជំរុញចេតនាភ្ញៀវទេសចរណ៍ នារដូវកាលបៃតង តំបន់ភូមិភាគឦសាន ខេត្តមណ្ឌលគិរី នាឱកាសព្រះរាជពិធីបុណ្យអុំទូកនេះផងដែរ។
សូមបញ្ជាក់ឡើងវិញថា តាមសេចក្តីណែនាំនេះ រដ្ឋបាលខេត្តបានអនុវត្តតាមសារាចរណែរបស់រាជរដ្ឋាភិបាលលេខ ១៥ សរ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ ដែលបានផ្អាកការរៀបចំព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដោយសារប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងស្ថានភាពតានតឹងព្រំដែនជាមួយប្រទេសថៃ។
ទោះជាយ៉ាងណា ដើម្បីបន្តរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជនខ្មែរ និងអបអរសាទរបុណ្យប្រពៃណីជាតិនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានសម្រេចបន្តរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ តែបែបសាមញ្ញ និងមានសុវត្ថិភាព។
ក្នុងនោះ រដ្ឋបាលខេត្តបានកំណត់វិធានការសំខាន់ៗដូចខាងក្រោម៖
1. ផ្អាកការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤, ៥ និង ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។
2. មន្ទីរ និងអង្គភាពជុំវិញខេត្ត ត្រូវរៀបចំសម្អាត តុបតែងភ្លើងពណ៌ និងប្រទីបនៅតាមទីតាំងសាធារណៈ។
3. មន្ទីរពាណិជ្ជកម្ម និងកសិកម្ម ត្រូវសហការជាមួយសភាពាណិជ្ជកម្មក្នុងខេត្ត ដើម្បីរៀបចំពិព័រណ៍ ផលិតផលកសិផល និងម្ហូបអាហារ។
4. រដ្ឋបាលក្រុង និងស្រុកទាំង ៥ ត្រូវរៀបចំសម្លប្រូងចំនួន ១,០០០ បំពង់ឫស្សី (២០០ បំពង់ក្នុងមួយក្រុង/ស្រុក) សម្រាប់តាំងបង្ហាញអាហារជនជាតិដើមភាគតិច។
5. មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំការប្រគុំតន្ត្រីអបអរសាទរបុណ្យអុំទូក រយៈពេល ៣ ថ្ងៃ។
6. មន្ទីរព័ត៌មាន និងមន្ទីរទេសចរណ៍ ត្រូវផលិតមាតិកាផ្សព្វផ្សាយអំពីពិធីនេះឱ្យទូលំទូលាយ។
7. រដ្ឋបាលខេត្តនឹងរៀបចំបាញ់កាំជ្រួចអបអរសាទររយៈពេល ៣ ថ្ងៃ នៅសួនច្បារក្រុងសែនមនោរម្យ។

ដោយ៖ ចាន់ បុត្រ | មណ្ឌលគិរី | ដើមអម្ពិល
