ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ អញ្ជើញអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ លើកទី៧២ នៅស្ថានទូតទីក្រុងឡុងដ៍

ភ្នំពេញ៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតី​ ក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី៧២ ដែលបានរៀបចំដោយ ស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ។

ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី៧២នេះ (៩-វិច្ឆិកា-១៩៥៣ – ៩-វិច្ឆិកា-២០២៥) ក៏មានការចូលរួមពីលោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស មន្រ្តីស្ថានទូត ប្រជាពលរដ្ឋខ្មែររស់នៅចក្រភពអង់គ្លេស សិស្ស និងនិស្សិត ដែលកំពុងសិក្សានៅអង់គ្លេស ព្រមទាំងមិត្តភិក្តអង់គ្លេស សរុបច្រើនជាង៥០រូប។

ក្នុងឱកាសរំលឹក ពីព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យនៅកម្ពុជា លោករដ្ឋមន្រ្តី បានគូសបញ្ជាក់​ ពីតម្លៃមិនអាចកាត់ថ្លៃបាន នៃកត្តាសុខសន្តិភាព ឯករាជ្យ និងសាមគ្គីភាពរួមជាធ្លុងមួយ របស់ប្រជាជនកម្ពុជា នាគ្រប់សម័យកាល។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោករដ្ឋមន្រ្តី ក៏បានពាំនាំនូវក្តីនឹករលឹក និងការសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពីសំណាក់ព្រះករុណាព្រះបាទ នរោត្តម សីហមុនី សម្តេចតេជោ និងសម្តេចធិបតី ដល់បងប្អូនសហគមន៍ខ្មែរ សិស្ស និងនិស្សិតទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការនៅចក្រភពទាំងអស់។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនពីសភាពការណ៍ នៅតំបន់ព្រំដែនជាមួយប្រទេសថៃ និងយន្តការដោះស្រាយ របស់រាជរដ្ឋាភិបាល ដោយស្នើសុំបងប្អូនខ្មែរ មានការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី មានតែការឯកភាព និងសាមគ្គីភាពជាធ្លុងមួយ របស់ប្រជាជនកម្ពុជា​ ជាមួយរាជរដ្ឋាភិបាល ដែលជាកំលាំងដ៏ខ្លាំងក្លា ជាមួយការគាំទ្រពីប្រទេសជាមិត្ត ដែលស្រលាញ់សន្តិភាព ពិតជាធ្វើឱ្យប្រទេសថៃ ត្រូវតែបញ្ចប់សកម្មភាពអរិភាពរបស់ខ្លួន ជាមួយកម្ពុជានាពេលនេះ។

ជាចុងក្រោយ លោករដ្ឋមន្រ្តី ស្នើបងប្អូន និងសិស្ស និស្សិតកម្ពុជាធ្វើជាតំណាងទេសចរណ៍កម្ពុជា (Brand Ambassador) ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដល់មិត្តភក្តិ និងប្រជាជនអង់គ្លេស ឱ្យបានទូលំទូលាយ លើកទឹកចិត្តមកលេងទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្តាត់ព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជាផងដែរ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top