កម្ពុជា និងអង់គ្លេស ប្តេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការ ទេសចរណ៍ និងបង្កើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ
ភ្នំពេញ ៖ នាឱកាសដឹកនាំគណៈប្រតិភូ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Stephanie Peacock រដ្ឋមន្រ្តីកីឡា ទេសចរណ៍ សង្គមស៊ីវិល និងយុវជននៃចក្រភពអង់គ្លេស អំពីកិច្ចសហប្រតិបត្តិ លើវិស័យទេសចរណ៍ រវាងកម្ពុជា និងចក្រភពអង់គ្លេស។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្លានេះ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានអញ្ជើញលោកស្រី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីជ្រាបពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សុវត្ថិភាពទេសចរណ៍ សក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែប ពិសេសប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាប់ចំណាត់ថ្នាក់ទី៩ ក្នុងពិភពលោក និងបានរៀបចំប្លង់ស្ថាបត្យកម្ម ដោយស្ថាបត្យករអង់គ្លេស។
ក្នុងនោះលោកស្រីរដ្ឋមន្រ្តី បានឯកភាពនឹងអញ្ជើញមកទស្សនាកិច្ចនៅកម្ពុជា ៕
ដោយ៖ ដារាត់| ដើមអម្ពិល
