ព័ត៌មានជាតិ

‎រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ ០៩ វិច្ឆិកា ១៩៧៩-០៩ វិច្ឆិការ ២០២៥

‎កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគ៣ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួម លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត  កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការជុំវិញខេត្ត  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបជាង២០០០ អង្គនាក់កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៥ ។

‎ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៧៩ ៩ វិច្ឆិការ ២០២៥ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ
ជាខួប៧២ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។

ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ ។

‌‎ក្នងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា:ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ប្រារព្ធឡើង ដើម្បីរម្លឹកដល់ថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញ ពីអាណានិគមនិយមបារាំង ​(៩ វិច្ឆិកា ១៩៥៣) ស្របជាមួយនឹង ខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

‎ទិវាបុណ្យឯករាជ្យជាតិ ៩  វិច្ឆិកា បានរំលឹកឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ  ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី។

‎ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៥ គឺជាខួបលើកទី៧២ នៃភាពជាម្ចាស់លើជោគវាសនា និងអនាគតរបស់កម្ពុជាយើង ដែលបានបណ្តុះស្មារតីដល់យើងខ្ញុំដែលជាអ្នកបន្តវេន ជាថ្នាក់ដឹកនាំ ជាមន្ត្រីរាជការ និងជាប្រជាជនកម្ពុជាគ្រប់ៗរូប ឱ្យប្តេជ្ញាបន្តដង្ហែតាមព្រះគម្រូវីរភាព ក្នុងភារកិច្ចនៃការការពារ ថែរក្សា សុខសន្តិភាពបូរណភាពទឹកដី អធិបតេយ្យភាព និងចូលរួមបន្តអភិវឌ្ឍប្រកបដោយឆន្ទៈដ៏មោះមុត ស្របជាមួយការបន្តកិច្ចសហប្រតិបត្តិការ និងការពង្រឹងមិត្តភាពជាវិជ្ជមាន ហើយចូលរួមថែរក្សាឯករាជ្យជាតិ កម្ពុជាឱ្យនៅរឹងមាំ ឋិតឋេរជានិច្ចនិរន្តរ៍តរៀងទៅ៕

ដោយ:សុខសុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតមន្ទីរព័ត៌មាន

To Top