ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ចលនាប្រឡងប្រណាំង អង្គភាពផ្ដល់សេវាសាធារណៈគំរូ បានបង្កើតជាស្នូរជួងបំផុសស្មារតី ដល់អង្គភាពសាធារណៈ
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់ សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានថ្លែងថា ចលនាប្រឡងប្រណាំង អង្គភាព ផ្ដល់សេវាសាធារណៈគំរូ បានបង្កើតជាស្នូរជួងបំផុសស្មារតី ដល់អង្គភាពសាធារណៈ បន្តខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការផ្ដល់ សេវាសាធារណៈ ជូនប្រជាជនឱ្យកាន់តែល្អប្រសើរ ថែមទៀត។

លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាចែករំលែក បទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិតសាលាមត្តេយ្យសិក្សា) នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងពីគោលបំណងសំខាន់ៗចំនួន៣ចំណុចធំៗ នៃការរៀបចំសិក្ខាសាលានេះឡើង ក្នុងនោះ ទី១៖ គឺដើម្បីចែករំលែកបទពិសោធល្អៗ ឧត្ដមានុវត្តន៍និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្ដល់សេវារបស់ជ័យលាភីអង្គភាព សាលាមត្តេយ្យសិក្សា សម្រាប់ជាធាតុចូល និងជាមូលដ្ឋាននៃការគិតគូរ រៀបចំ និងអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យក្លាយទៅជាសាលា ដែលមានទំនុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន; ទី២៖ គឺដើម្បីជំរុញ សាលាមត្តេយ្យសិក្សាទាំងអស់នៅទូទាំងប្រទេស ឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំង ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅ តាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ; និងទី៣ ៖ គឺដើម្បីជំរុញ កៀរគរ និងលើកទឹកចិត្តដល់សហគមន៍ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍នានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍ សាលាមត្តេយ្យសិក្សា និង ធានាដល់ដំណើរការផ្ដល់សេវា នៅតាមសាលាមត្តេយ្យសិក្សា ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា សិក្ខាសាលាចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិតសាលាមត្តេយ្យសិក្សា) រៀបចំឡើងនាពេលនេះ នឹងផ្តល់ទស្សនទាននិងចំណេះដឹងថ្មីៗបន្ថែម ការបង្កើតទំនាក់ទំនងជាបណ្ដាញក្នុងវិស័យជាមួយគ្នា និងនៅកម្រិតដូចគ្នា ការសិក្សាស្ដីពីបទពិសោធល្អៗ ជាពិសេសការបត់បែនសម្រប ទៅនឹងបរិបទនិងស្ថានភាពជាក់ស្តែង ជូនដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកទៅអភិវឌ្ឍអង្គភាព របស់ខ្លួនឱ្យកាន់តែល្អប្រសើរ ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈចលនាប្រឡងប្រណាំង អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ពិតណាស់ថា នឹងជំរុញលើកកម្ពស់ការផ្ដល់សេវាអប់រំប្រកបដោយគុណភាព នឹងរួមចំណែកធ្វើឱ្យកុមារ និងយុវជនកម្ពុជាក្លាយជាពលរដ្ឋប្រកបដោយសមត្ថភាព និងជាទំពាំងបន្តវេន ដែលនេះ សុទ្ធតែជាកត្តា ក្នុងការចូលរួមកសាងមូលធនមនុស្ស ឈានទៅសម្រេចចក្ខុវិស័យ និងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

