កម្ពុជា និងសាធារណរដ្ឋឥស្លាម អ៊ីរ៉ង់ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ទេសចរពីអីរ៉ុង
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ទេសចរពីប្រទេសអីរ៉ុង ដែលមានប្រជាជន ប្រមាណ៩២លាននាក់ ជាប់លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា និងទី១៧ ក្នុងពិភពលោក ។

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការទេសចរណ៍ សហប្រជាជាតិ លើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Seyed Reza Salehi Amiri រដ្ឋមន្រ្តីក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្ម នៃសាធារណរដ្ឋឥស្លាម អ៊ីរ៉ង់ ដែលជាប្រទេសដ៏ធំ និងមានសេដ្ឋកិច្ចនំាមុខ ដ៏សំខាន់មួយ ក្នុងតំបន់មជ្ឈិមបូព៌ា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-អ៊ីរ៉ង់ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់។

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់មជ្ឈិមបូព៌ា ពង្រីកទេសចរណ៍ម៉ូស្លីម (Muslim Friendly) និងការបង្កើតផលិតផលទេសចរណ៍ ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌ សំដៅទាក់ទងភ្ញៀវទេសចរអីរ៉ុង ដែលមានចំនួនច្រើនជាង៥ដង មកទស្សនាប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ ជាពិសេសក្នុងវិស័យទេសចរណ៍ ជាមួយនឹងភាពងាយស្រួល ក្នុងការធ្វើដំណើរផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Etihad រវាងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានដំណើរការកាលពីដើមខែតុលាកន្លងទៅនេះ៕
ដោយ៖ ដារាត់| ដើមអម្ពិល







