ព័ត៌មានជាតិ

ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៣០០អង្គ/នាក់ នៅស្រុកសាលាក្រៅ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល ជូនដល់វីរកងទ័ពខ្មែរ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

ប៉ៃលិន ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តព្រំគីរីមរតក ហៅវត្តព្រំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន យ៉ាងអធិកអធម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ វីរកងទ័ពខ្មែរ ដែលបានលះបង់ជីវិត ក្នុងសមរភូមិ ការពារបូរណភាពទឹកដី ។

ពិធីបុណ្យនេះធ្វើឡើង ក្រោមអធិបតីភាព របស់ព្រះមេគុណខេត្តប៉ៃលិន ទាំងពីរគណៈ លោក សៀរ សុខុម អភិបាលស្រុកសាលាក្រៅ លោកស្រី ស៊ុំ ហៀង សមាជិកសភាពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ព្រះមេគុណខេត្តប៉ៃលិន ទាំងពីរគណៈ និងព្រះសង្ឃ ក្នុងវត្តព្រំគីរីមរតក ហៅវត្តព្រំ បានសូត្រធម៌ បង្សុកូល ដើម្បីឧទ្ទិសកុសល ដល់វីរកងទ័ព ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលបានចូលរួម ក្នុងពិធីនេះ បានសម្តែងនូវការសោកស្តាយ យ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ជីវិត របស់វីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន ក្នុងអំឡុងពេល នៃការប៉ះទង្គិចគ្នា រវាងកងកម្លាំងការពារព្រំដែនកម្ពុជា-ថៃផងដែរ។

លោក សៀរ សុខុម អភិបាលស្រុកសាលាក្រៅ បានលើកឡើង ពីការសោកស្ដាយ អាឡោះអាល័យ ជាពន់ពេក ចំពោះការបាត់បង់វីរយុទ្ធជន ដែលបានលះបង់អាយុជីវិត ដ៏អង់អាចក្លាហាន នៅក្នុងសមរភូមិ ដើម្បីបុព្វហេតុ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ពីការបំពានទឹកដី ពីសំណាក់ពួកចោរសៀមឈ្លានពាន។ ការលះបង់ដ៏ធំធេងនេះ ក្នុងនាមថ្នាក់ដឹកនាំទាំងអស់ ជាប្រជាជនកម្ពុជា ចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយ។ ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខ នៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ចារឹកទុកជាប្រវត្តិសាស្រ្ត និងរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភជូនក្រុមគ្រួសារសព ឱ្យបានសរម្យ និងពិនិត្យមើលអំពីស្ថានភាពផ្ទះ របស់វីរយុទ្ធជនពលី ក្នុងករណីមិនសមរម្យ ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគាត់ ឱ្យមានជម្រកស្នាក់ នៅបានសមរម្យ ដោយឡែកចំពោះគ្រួសារយោធិនពលី ឬពិការ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលនូវបំណុល ដើម្បីឱ្យពួកគាត់ មានជីវភាពធូរធារផងដែរ ។

សូមបញ្ជាក់ថា៖ ការរៀបចំពិធីបុណ្យនេះ គឺជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាព និងគុណូបការៈដ៏ធំធេងរបស់កងទ័ព ដែលបានលះបង់ សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា ឱ្យមានសុខសន្តិភាព៕

អត្ថបទដោយ ៖ សុខ វិច្ឆ័យ / ប៉ៃលិន / ដើមអម្ពិល
រូបភាព៖ រដ្ឋបាលស្រុកសាលាក្រៅ

To Top