ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ប្រើប្រាស់ “សៀវភៅណែនាំសវនកម្មផ្ទៃក្នុង” ដែលក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ពីព្រោះថា សៀវភៅនេះ មិនត្រឹមតែជាឧបករណ៍ត្រួតពិនិត្យប៉ុណ្ណោះទេ គឺថែមទាំងជាយុទ្ធសាស្ត្រសម្រាប់ធានា តម្លាភាព និងគណនេយ្យភាព នៃការងារបរិស្ថានកិច្ច។

ការថ្លែងរបស់លោករដ្ឋមន្រ្តីនេះ បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «សៀវភៅណែនាំសវនកម្មផ្ទៃក្នុង» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ឯកសារនេះផ្សារភ្ជាប់ការងារ សវនកម្មផ្ទៃក្នុងទៅនឹងការអនុវត្តការងារ “សុក្រឹតកម្មបរិស្ថានកិច្ច” ដែលមានសសរស្ដម្ភ ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តម បានរំលឹកពីការដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ ធ្វើឱ្យវិថីចម្បងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភាពស្អាត គឺគ្មានសំរាមប្លាស្ទិកហើររាយប៉ាយនៅតាមដងផ្លូវ ។

ចេញពីភាពស្អាត គឺបន្តទៅភាពបៃតង ដោយជំរុញ ឱ្យមានការធ្វើសុក្រឹតកម្មការងារ ដែលមានរបាយការណ៍ ជាក់លាក់ប្រចាំខែ ដោយរំលេចបន្ថែម នូវការងារ ដែលបានធ្វើរួច និងភាពខ្វះចន្លោះ ដើម្បីបន្តតម្រង់ទិសទៅសម្រេច គោលដៅជាយុទ្ធសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាឧបករណ៍ស្តង់ដារ សម្រាប់វាស់កម្រិតគុណភាពការងារ។

«មានតែសកម្មភាពការងារដែលយើងបានធ្វើនោះទេ ដែលជាទិន្នន័យសម្រាប់ឱ្យការពិនិត្យ និងវាយតម្លៃ ដោយបង្ហាញនូវលទ្ធផលយ៉ាងសុក្រឹតលើការងារប្រចាំថ្ងៃរបស់យើង ទាំងនេះហើយជាសក្ខីកម្មការងារ ដែលមានតម្លាភាព។» លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់ នូវអនុសាសន៍ចំនួន ៣បន្ថែម ទៀត ដើម្បីទទួលបានជោគជ័យ ក្នុងការអនុវត្តការងាររសម្រាប់មន្រ្តីក្រសួងបរិស្ថាន គឺ៖ ១. រៀនសូត្រ ២. អនុវត្តតាម, ៣. ធ្វើឲ្យល្អប្រសើរជាងមុន៕
