សមាគមខ្មែរចំនួន៦ នៅកូរ៉េខាងត្បូង ចេញញត្តិថ្កោលទោស ចំពោះការបាញ់ប្រហារ របស់កងកម្លាំងថៃ លើប្រជាពលរដ្ឋខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់
ភ្នំពេញ៖ សមាគមខ្មែរចំនួន៦ ដែលមានមូលដ្ឋាន នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ បានចេញញត្តិដាច់ដោយឡែកពីគ្នា ដោយថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះអំពើរំលោភបំពានយ៉ាង គឃ្លើនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារ មកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។
សមាគមទាំង៦នោះរួមមាន៖ សមាគមខ្មែរជួយខ្មែរ នៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា, សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគមបញ្ញវន្ដខ្មែរនៅកូរ៉េ និងសមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ។
ក្នុងញត្តិថ្កោលទោស សមាគមទាំង៦ បានលើកឡើងពីទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅរបស់ថៃ ដែលបង្ហាញយ៉ាង ច្បាស់ថា ភាគីថៃ បានរំលោភបំពានលើ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរដែលមាន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនជាសាក្សី។
ជាមួយគ្នានេះ សមាគមខ្មែរទាំង៦នៅកូរ៉េខាងត្បូង បានអំពាវនាវឱ្យសហគមអន្តរជាតិ ថ្កោលទោសថៃ យ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្កីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់ របស់ថៃ ម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវ ទាំងស្រុង ចំពោះការរំលោភបំពាន ដ៏កំរោលនេះ។
ទន្ទឹមនឹងនេះសមាគមខ្មែរទាំង៦ ក៏បានអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀម បទឈប់បាញ់ សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់ អន្ដរជាតិក៏ដូចជាសន្ធិសញ្ញា អនុសញ្ញ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕






