ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពបាញ់ប្រហារដ៏ឃោរឃៅ របស់យោធាថៃ​ មកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា

ភ្នំពេញ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ បានសម្តែងនូវការសោកស្តាយជាពន់ពេក និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអសីលធម៌ អមនុស្សធម៌ អគុណធម៌ និងខ្វះសេចក្តីថ្លៃថ្នូររបស់យោធាថៃ ដែលបានធ្វើការបាញ់ប្រហារ​ មកលើប្រជាពលរដ្ឋស៊ីវិល ស្លូតត្រង់កម្ពុជា រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ចំនួន ១នាក់បាត់បង់អាយុជីវិត និងរងរបួសចំនួន ៣នាក់។

រដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកសកម្មភាពបាញ់ប្រហារដ៏ឃោរឃៅ របស់យោធាថៃមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា គឺជាទង្វើយង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត នូវច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាន នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ជាពិសេសគឺ ការរំលោភបំពានយ៉ាងគឃ្លីន លើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលបានចុះហត្ថលេខារវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលរួមជាសាក្សីពីសំណាក់ លោក Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើង នៅទីក្រុងតូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។

To Top