ព័ត៌មានជាតិ

លោក រឿន រិទ្ធីពង្ស ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង ជាប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ

ភ្នំពេញ៖​ លោក រឿន រិទ្ធីពង្ស ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ជំនួសលោកស្រី មុំ ចាន់ដានី ដែលបានទទួលភារកិច្ចថ្មី និងប្រកាសតែងតាំងលោក រ័ត្ន សុវិបូរ ជាប្រធានសាលាមូលនិធិជាតិ​ ជំនួយសង្គមរាជធានីភ្នំពេញ។

ពិធីប្រកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥0នេះ ក្រោមអធីបតីភាព លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក ឃួង ស្រេង គូសបញ្ជាក់ថា មន្ទីរសង្គមកិច្ចបានដើរតួយ៉ាងសំខាន់ ក្នុងកិច្ចការងារជួយសង្គម ទៅតាមការចង្អុលណែនាំរបស់ រាជរដ្ឋាភិបាល ដោយមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់គាំ ទ្រកម្មវិធីចំនួន៤ ក្នុងនោះរួមមាន ១-កម្មវិធីផ្ដល់សាច់ប្រាក់ជូនជនក្រីក្រ ២ កម្មវិធីផ្ដល់អាហាររូបត្ថម្ភដល់ជនក្រីក្រ ៣ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនពិការភាព និងទី៤កម្មវិធីឧបត្ថម្ភដល់ចាស់ជរា ដោយចាប់ខែមេសាឆ្នាំ ២០២៤ដល់ឆ្នាំ២០២៥នេះ គ្រួសារ ដែលទទួលបានកម្មវិធីទាំង៤ខាងលើនេះ មានចំនួនជាង២ម៉ឺនគ្រួសារ ស្មើនឹងទឹកប្រាក់ប្រមាណ១១២៧០លានរៀល។

ក្នុងឱកាសនេះ លោក​ ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ការប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរសង្គមកិច្ចខាងលើនេះ គឺដើម្បីបានរួមចំណែកជួយដល់ ការងារសង្គមពិសេស គឺជួយដល់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top