ព័ត៌មានជាតិ

សហជីពនៅកម្ពុជា ចេញញត្តិថ្កោលទោសចំពោះការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ របស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរស្លូតត្រង់

ភ្នំពេញ៖ សហជីពនៅកម្ពុជានាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរស្លូតត្រង់បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បំពានអធិបតេយ្យភាពកម្ពុជា និងល្មើសច្បាប់អន្តរជាតិ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្កោលទោសយ៉ាងដាច់អង្ហការ និងបានហៅការបាញ់ប្រហាររបស់ថៃលើជនស៊ីវិលស្លូតត្រង់កម្ពុជា ថាជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអមនុស្សធម៌ បំពានលើអធិបតេយ្យភាពនៃព្រំដែនជាតិក៏ដូចជាបទល្មើសតាមច្បាប់អន្តរជាតិ ដែលសហគមន៍អន្តរជាតិ អាស៊ាន អឺរ៉ុបជាដើម គួរតែពិនិត្យតាមដានជួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយទង្វើអាក្រក់របស់ភាគីថៃមកលើកម្ពុជា។

សហភាពពលកម្មជាតិកម្ពុជា ដែលមានសហព័ន្ធសហជីព និង អង្គការ សមាគមសរុបចំនួន ១៧ និងសហជីពមូលដ្ឋានមានចំនួន ១៧៨ ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់មកពីគ្របវិស័យ បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ការពារសេចក្តីថ្លៃថ្នូររបស់ប្រជាជនខ្មែរ ដោយប្រើវិធានការទូតគ្រប់ជំហាន និងស្នើសុំឱ្យអង្គការអន្តរជាតិពាក់ព័ន្ធ ចូលរួមតាមដាន និងជួយធានាឱ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះ។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា តំណាងឱ្យសមាជិក សមាជិកាជាង៥ម៉ឺននាក់ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ អគុណធម៌យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ និងបានស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងអាវុធក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។

ចំណែកលោក តុល ផាន់មឿង ប្រធានសហភាពសហជីពមរតកជាតិកម្ពុជា (CCTUH) ក៏បានសង្កត់ធ្ងន់ដែរថា ហេតុការណ៍ថៃបាញ់ប្រហារជនស៊ីវិលស្លូតត្រង់កម្ពុជា ជាការរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាការបំពានលើអធិបតេយ្យភាពនៃព្រំដែនជាតិក៏ដូចជាបទល្មើសតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ លោក អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងពីរជាប់ព្រំដែនថែរក្សាសន្តិភាព និងសហការលើគោលការណ៍ គោរព អន្តរជាតិ ដើម្បីជៀសវាងហេតុការណ៍បែបនេះកើតឡើងម្ដងទៀត។

ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ក៏បានប្រកាសថ្កោលទោសថៃចំពោះអំពើអមនុស្សធម៌សាហាវឃោរឃៅព្រៃផ្សៃ និងរំលោភបំពានសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃ ដែលទង្វើនេះអាក្រក់ពន់ពេកមិនអាចទទួលយកបាន។ ជាមួយគ្នានេះ លោកបានអំពាវនាវ ដល់សហគមន៍អន្តរជាតិសូមថ្កោលទោសថៃយ៉ាងម៉ឺងម៉ាត់ចំពោះអំពើរំលោភបំពាន និងព្រៃផ្សៃបំផុតរបស់ថៃលើកម្ពុជា និងធ្វើយ៉ាងណាឱ្យថៃបញ្ឈប់សកម្មភាពជាបន្ទាន់៕

To Top